ទឹកប្រហុក បើមើលទៅពិតជាងាយស្រួលធ្វើណាស់ តែប្រសិនបើយើងមិនបានដឹងពីតិចនិកធ្វើ ជឿជាក់ថា រសជាតិប្រាកដជាមិនសូវត្រូវចិត្តឡើយ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកពីរបៀបចំហ៊ុយខ្យង និង ទឹកជ្រលក់ «ទឹកប្រហុក» មកបង្ហាញជូនដល់អ្នកទាំងអស់គ្នាផងដែរ ។
+ របៀបធ្វើ ខ្យងស្ងោទឹកប្រហុក
គ្រឿងផ្សំ
– ខ្យងស្រែ, ប្រហុក ១ ស្លាបព្រាបាយកន្លះ (ចិញ្ច្រាំឱ្យម៉ដ្ឋ), គល់ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬតាមចំណូលចិត្ត) ហាន់ហើយ, ខ្ទឹមស ៥ កំពឹស, ម្ទេសទុំ ៣ ផ្លែ ឬច្រើនតាមចំណូលចិត្ត (ចិតតូចៗ), ខ្ទឹមស និង ម្ទេសបុកជាមួយគ្នាឲ្យម៉ត់, ខ្ទឹមក្រហម ៣ មើមចិតតូចៗ, ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ, ស្លឹកក្រូចសើច ២ សន្លឹក (ហាន់តូចៗ), រំដេង ១ ស្លាបព្រាបាយ (ចិតឲ្យតូចៗ), ទឹកឆ្អិន កន្លះចានចង្កឹះ, ស្ករស (ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត)។
+ របៀបស្ងោរ ឬ ចំហុយខ្យង
– ដាំទឹកអោយពុះ (ទឹកបន្តិច) ដាក់រំដេងបន្តិច ស្លឹកក្រូចសើចពីរបីសន្លឹក គល់ស្លឹកគ្រៃដំឱ្យបែក ២ គល់ អំបិល ប៊ីចេង និង ស្ករ មួយមុខបន្តិច ដាក់ខ្យងស្ងោរប្រហែល ១០ ទៅ ១៥ នាទី ។
+ របៀបធ្វើទឹកប្រហុក
– អ្នកត្រូវយកចានមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច និង ដាក់ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកក្រូចសើច និង ទឹកឆ្អិន (បើចង់ឱ្យមានពណ៌ស ដាក់ទឹកដោះគោឆៅបន្តិច) រួចកូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរ ប្រៃ ហឹល) ។ រួចអាចយកខ្យងមកជ្រលក់ញុំាទទេរក៏បាន ឬមានបន្លែអន្លក់ក៏បានជាការស្រេច)។
*ទឹកប្រហុកនេះ លោកអ្នកអាចយកទៅជ្រលក់ និង សាច់គោ ពោះគោ ឬក៏ម្ហូបអ្វីផ្សេងទៀតបានតាមចំណូលចិត្ត ៕
ប្រភព fb៖ Chuob Romdoul