ត្រៀមៗ! ក្រសួងអប់រំនឹងប្រកាសនៅសប្ដាហ៍ក្រោយនេះ ចំពោះការបើកសាលាឡើងវិញ ដំណាក់កាលទី ១
នៅសប្ដាហ៍ក្រោយនេះ ក្រសួងអប់រំ យុវជន និង កីឡា នឹងប្រកាសជូនដំណឹងអំពីការបើកសាលារៀនឡើងវិញសម្រាប់ដំណាក់កាលទី ១ ។ នេះបើតាមឯកឧត្ដម រស់ សុវាចា បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នារសៀលថ្ងៃទី ៣ កក្កដា ២០២០ នេះ ។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់មកកាន់ «ប្រជាប្រិយ» នារសៀលនេះដែរ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាលើការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាល៖
ដំណាក់កាលទី១ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា ។
សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និង កត្តាសង្គម-សេដ្ឋកិច្ច ។
នាពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងជម្រាបសាធារណៈជនពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១ ។
ចំណែកឯ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១។ ក្រសួងអប់រំ យុវជន និងកីឡានឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ៕