ភរិយាអភិបាលខេត្ត និង ភរិយាឧកញ៉ាទាំង ៥ រូបមានសម្រស់ល្អឯក ថែមទាំងមានចរិយាសម្បត្តិថ្លៃថ្នូរ
មិនត្រឹមតែមានវាសនាខ្ពស់បានស្វាមីជាថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល និងជាឧកញ៉ាសេដ្ឋីវាល់លានដុល្លារហើយ លោកជំទាវទាំង ៥ រូបនេះថែមទាំងមានសម្រស់ស្អាតផូផង់ចរិយាមាយាទថ្លៃថ្នូរគួរឱ្យគោរព ។ លោកជំទាវដែលជាភរិយាអភិបាលខេត្ត និងភរិយាឧកញ៉ាណាខ្លះដែលមានសម្រស់ស្អាតខ្លាំងនោះ សូមប្រិយមិត្តមកតាមដានទាំងអស់គ្នា ៖
១. លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន
ជាភរិយាអភិបាលខេត្តដ៏ឆ្នើមមួយរូប លោកជំទាវ អ៊ូ ធីតាពៅ ក៏លេចធ្លោមិនចាញ់ស្វាមីនោះដែរ ។ មិនត្រឹមតែមានរូបសម្បត្តិស្រស់សោភាប៉ុណ្ណោះទេ តែលោកជំទាវមានទាំងទឹកចិត្តល្អ ចរិយាសមសួនទន់ភ្លន់ជានារីខ្មែរ ។ លោកជំទាវតែងបង្ហាញមុខជារឿយៗក្នុងអំពើសម្បុរសធម៌ផ្សេងៗមិនដែលអាក់ខាន ជាក់ស្ដែងកាលខេត្តព្រះសីហនុ ជួបគ្រោះទឹកជំនន់ លោកជំទាវបានជួសមុខឱ្យស្វាមីចែកអំណោយជូនប្រជាជន និង ផ្ដល់នូវភាពកក់ក្ដៅដល់ប្រជាជនដែលកំពុងមានទុក្ខ ។
២. លោកជំទាវ ទាង អេង ទៀ សីហា
ចំណែកឯភរិយាឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាបឯណេះវិញ ក៏មិនធម្មតាដែរ ។ លោកជំទាវកំពុងតែទទួលបាននូវការគាំទ្រ ស្រឡាញ់ពេញចិត្តជាខ្លាំង ក្រោយលោកជំទាវមិនតម្កើងខ្លួន ប្រើសម្ភារថ្លៃៗ ម៉ាកល្បី តែបែរជាជ្រើសរើសប្រើកាបូបកែច្នៃពីកំប្លោកស្នាដៃកូនខ្មែរគ្រប់កម្មវិធីមិនថាតូចធំ ។ ក្រៅពីជួយគាំទ្រលើកស្ទួយស្នាដៃខ្មែរឱ្យមានភាពល្បីល្បាញ លោកជំទាវក៏តែងអមដំណើរជាមួយស្វាមីកម្រខានណាស់ ដើម្បីផ្ដល់នូវកម្លាំងចិត្តដល់ស្វាមី និង ជួយកិច្ចការស្វាមីក្នុងការដឹកនាំខេត្តសៀមរាបទាំងមូល ។
៣. លោកជំទាវ ជា ផល្គុណ
លោកជំទាវ គឺជាឧត្ដមភរិយារបស់ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង ។ មានទាំងរូបសម្រស់ មានទាំងចំណេះ ព្រមទាំងចរិយាសម្បត្តិថ្លៃថ្នូរ បានធ្វើឱ្យលោកជំទាវកាន់តែលេចធ្លោឡើង ក្នុងនាមជាជំទាវអភិបាលខេត្ត ។ ពាក្យចាស់ថា សំណាបយោងដីស្ត្រីយោងបុរស ពិតជាមិនខុសឡើយ លោកជំទាវ តែងជួយដល់កិច្ចការស្វាមី តាមរយៈការធ្វើនូវអំពើល្អៗក្នុងសង្គមជាតិ ជួយលើកតម្កើងមុខមាត់ ស្វាមីឱ្យកាន់ខ្ពង់ខ្ពស់ឡើង ។ គេតែងសង្កេតឃើញថា លោកជំទាវ ជា ផល្គុន តែងបង្ហាញខ្លួនជាមួយ សំលៀកបំពាក់បែបប្រពៃណីខ្មែរយ៉ាងសមសួន ស័ក្ដិសមជាស្ត្រីខ្មែរមានមុខមាត់ក្នុងសង្គម ។
៤. លោកជំទាវ ស្រីតូច ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង
មានវាសនាខ្ពស់ក្លាយជាភរិយាសេដ្ឋីស្រុកខ្មែរដែលមានក្រុមហ៊ុនធំៗរាប់មិនអស់ លោកជំទាវ ស្រីតូច ចំណាន មានសម្រស់ស្អាត និងកាន់តែស្អាតទ្វេរឡើង និងថែមទាំងមានចរិយាមាយាទគួរឱ្យគោរពបំផុតនៅពេលបង្ហាញខ្លួនក្នុងធំៗម្ដងៗ ។ នាមជាភរិយាអ្នកឧកញ៉ាក្នុងសង្គមជាន់ខ្ពស់លោកជំទាវ បានលើកតម្កើងកិត្តិយសមុខមាត់ស្វាមី ជាឧត្ដមភរិយាប្រកបដោយភាពថ្លៃថ្នូរ សមសួនទាំងការស្លៀក ចរិតឬកពារគ្មានទាស់ត្រង់ណា និងថែមជាម្ដាយដ៏ឆ្នើមមួយរូបផងដែរ ។
៥. លោកជំទាវ ដេត ម៉ាលីណា ភរិយាឧកញ៉ា ឌួង ឆាយ
មានសម្រស់ល្អផូផង់មិនចាញ់តួឯកភាពយន្តហើយនោះ ភរិយាឧកញ៉ា ឌួង ឆាយ គឺជាភរិយា ជាម្ដាយដ៏ល្អមួយរូបគួរឱ្យយកគំរូ ។ លោកជំទាវវ័យក្មេងមិនត្រឹមតែមានសម្ដីសំដៅពីរោះគួរឱ្យចង់ស្ដាប់នោះទេ តែថែមទាំងពូកែក្នុងមុខជំនួញជួយជ្រោមជ្រែងស្វាមីឱ្យរីកចម្រើនទៅមុខ ។ លើសពីនេះដ្បិតតែមានទ្រព្យសម្បត្តិហូរហៀរយ៉ាងណានោះ ក៏លោកជំទាវពូកែការងារផ្ទះមិនធម្មតានោះទេ ៕