ធ្លាប់ញ៉ាំកាំប្រមាសមុទ្រឆ្ងាញ់ តើឆ្ងាញ់ម៉េចទៅ ហើយវាមានគុណប្រយោជន៍ចំពោះសុខភាពឬអត់?
កន្លងមក ក៏ដូចជាពេលនេះមានអ្នកនិយមញ៉ាំនូវមុខអាហារសមុទ្រថ្មីមួយគឺកាំប្រមាសមុទ្រ។ តើអ្វីទៅជាកាំប្រមាសមុទ្រ? កាំប្រមាសមុទ្រ ឬ ភាសាអង់គ្លេសហៅថា Sea Urchin គឺជាប្រភេទសត្វសមុទ្រម្យ៉ាង ដែលអ្នកធ្លាប់ទៅលេងទឹកសមុទ្រ ឬ ឧស្សាហ៍ទៅសមុទ្រញឹកញាប់ប្រាកដជាធ្លាប់បានឃើញ ដែលមានបន្លាស្រួចនៅជុំវិញខ្លួនមានលក្ខណៈដូចសត្វកាំប្រមាគោក ហើយភាគច្រើននៃសត្វសមុទ្រនេះមានរស់នៅតាមទឹករាក់ និង ជ្រៅទៅតាមតំបន់ ។
កាំប្រមាសមុទ្រនេះ ត្រូវគេចាត់ទុកជាអាហារថ្មីមួយដែលមានការនិយមចូលចិត្តទទួលជាអាហារសម្រន់។ កាំប្រមាសមុទ្រមានសាច់ទន់ៗពណ៌លឿង និង រសជាតិប្លែក ដែលអ្នកធ្លាប់ទទួលទានមួយចំនួនបាននិយាយថាមានឱជារសឆ្ងាញ់ម្យ៉ាងដូចពេលញ៉ាំងពងទាកូន ព្រោះគ្រឿងផ្សំញ៉ាំជាមួយអាហារសមុទ្រប្រភេទនេះ ភាគច្រើនដូចទៅនឹងគ្រឿងផ្សំពងទាកូនផងដែរ ដូចជា ជីពងទាកូន អំបិលម្រេច ខ្ទឹមជ្រក់ ជាដើម ។
ដោសារតែកាំប្រមាសមុទ្រជាប្រភេទអាហារប្លែកថ្មី និង មានរសជាតិដ៏ពេញនិយមក្នុងពេលប្ចុច្បន្ននេះ ទើបតម្លៃរបស់វាក៏ថ្លៃទៅតាមនោះដែរ ដោយតាមអ្នកលក់អនឡាញម្នាក់បានប្រាប់ថា កាំប្រមាសមុទ្រនេះជាធម្មតាគេលក់បានតម្លៃចាប់ពីចន្លោះ ៥០០០ រៀល ដល់ ១០០០០ រៀលក្នុងមួយគ្រាប់ ពោលគឺទៅតាមគ្រាប់ធំ ឬ គ្រាប់តូច ។
ផ្សារភ្ជាប់ជាមួយនឹងអាហារសមុទ្រប្រភេទថ្មីនេះដែរ តើលោកអ្នកដឹងទេថាវាមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព ក្រោយពេលបានទទួលទានវារួចហើយនោះ ។ បើតាមការស្រាវជ្រាវ កាំប្រមាសមុទ្រក៏មានគុណសម្បត្តិច្រើនដល់សុខភាពផងដែរ ដោយក្នុងនោះមានដូចជា ៖
១-ផ្ទុកជាតិស័ង្កសី ៖ កាំប្រមាសមុទ្រជាអាហារមួយប្រភេទមានផ្ទុកសារធាតុស័ង្កសី ដែលជាតិស័ង្កសីនេះគឺមានសារៈសំខាន់បំផុតសម្រាប់រាងកាយមនុស្ស ។
២-វីតាមីន C ៖ បន្ថែមលើជាតិស័ង្កសី នៅក្នុងកាំប្រម៉ាសមុទ្រ ក៏មានផ្ទុកវីតាមីន C ច្រើន ដូចគ្នាទៅនឹងបន្លែផ្លែឈើមួយចំនួនផងដែរ ដូចជាផ្លែក្រូច ជាដើម ។
៣-កាឡូរី ៖ ជាប្រភេទអាហារដែលមានកាឡូរីខ្ពស់ បើបានទទួលទានវានឹងអាចធ្វើឱ្យអ្នកមានកម្លាំងកំហែង អាចបំពេញការងារបានយ៉ាងសកម្ម និង ជួយឱ្យចលនាឈាមដើរបានស្រួលល្អ ។
៤-ប្រូតេអ៊ីន ៖ នៅក្នុង ១០០ ក្រាមនៃកាំប្រមាសមុទ្រ មានផ្ទុកប្រូតេអ៊ីនចិញ្ចឹមដល់ទៅ ១៣.៣ ក្រាម ដែលជួយដល់ការលូតលាស់នៃរាងកាយបានល្អ ។
៥-ជំនួយសុខភាពផ្លូវភេទ ៖ ញាំអាហារសមុទ្រប្រភេទនេះ អាចជួយដោះស្រាយបញ្ហាខ្សោយផ្លូវភេទបាន ព្រោះថាវាមានសារធាតុដែលអាចឱ្យឈាមដើរបានស្រួល ដូច្នេះទើបវាអាចជួយសម្រួលដល់បញ្ហាផ្លូវភេទរបស់អ្នកបានដែរ ៕