បើឈប់ខ្វល់ជាមួយរឿង ៥ យ៉ាងនេះហើយ មានន័យថាអ្នកចាស់ទុំជាងមុន
មនុស្សគ្រប់រូបនរណាក៏ធ្លាប់ឆ្លងកាត់ភាពជាយុវវ័យដែរ ។ ពាក្យថាយុវវ័យគឺជាវ័យដែលសូវគិតច្រើន និងខ្វល់ខ្វាយច្រើនឡើយ តែភាពខ្វល់ខ្វាយច្រើនតែជាបញ្ហាតូចៗនៅក្នុងជីវិតរបស់គេប៉ុណ្ណោះ ។ បើអ្នកកំពុងស្ថិតនៅក្នុងភាពជាយុវវ័យដែរ ប៉ុន្តែអ្នកលែងខ្វល់រឿងទាំងនេះ មានន័យថាអ្នកក្លាយជាមនុស្សចាស់ទុំ អាចចាកផុតពីភាពក្មេងខ្ចីមុនអាយុរបស់អ្នកទៅទៀត ។
១. អ្នកលែងខ្វល់ខ្វាយនឹងសម្ភារនិយមតូចតាច
ចរិតជាយុវវ័យក្មេងខ្ចីមិនសូវគិតរឿងទ្រព្យធនធំដុំនោះទេ ប៉ុន្តែអ្វីដែលពួកគេខ្វល់ខ្វាយ គឺត្រូវការសំលៀកបំពាក់ទាន់សម័យ ទូរសព្ទទំនើប របស់របរប្រើប្រាស់ថ្លៃៗជាដើម ។ បើអ្នកឈប់រវីរវល់ជាមួយនឹងរឿងទាំងនេះហើយ គឺមានន័យថាអ្នកចាប់ផ្ដើមមានគំនិតចាស់ទុំ លែងត្រូវការរបស់ទាំងនោះទៀត តែអ្វីដែលអ្នកចង់បានគឺរថយន្ត ផ្ទះជាដើម ។
២. ផ្ដាច់ខ្លួនពីបញ្ហាយុវវ័យ
បញ្ហាយុវវ័យគ្មានអីធំជាងរឿងស្នេហា មិត្តភក្ដិ ការជួបជុំដើរលេង ឈ្លោះគ្នានឹងស្នេហា នឹងមិត្តភក្ដិជាដើម ។ បើអ្នកជាមនុស្សចាស់ទុំ អ្នកនឹងលែងយកខ្លួនឯងទៅឈឺក្បាល ឬ ទៅពាក់ព័ន្ធនឹងរឿងទាំងនេះទៀតហើយ ។ បញ្ហាដែលអ្នកខ្វល់ខ្វាយគឺការរកប្រាក់ចំណូលឱ្យបានច្រើន ជួយផ្គត់ផ្គង់អ្នកផ្ទះ និងគិតធ្វើយ៉ាងម៉េចឱ្យជីវិតកាន់តែប្រសើរទៅមុខ ។
៣. មិនចេះអន់ចិត្ត តូចចិត្តច្រើនដូចមុនទៀត
ពីមុនមិនថាពាក្យសម្ដីចេញពីប្រភពណាឱ្យតែប៉ះពាល់អារម្មណ៍ គឺអ្នកតែងប្រតិកម្ម ឆាប់ខឹង ឆាប់អន់ចិត្ត ។ ពេលមួយដែលអ្នកក្លាយជាមនុស្សចាស់ទុំ ពាក្យសម្ដីទាំងនោះមិនអាចបំផ្លាញអារម្មណ៍អ្នកទៀតឡើយ អ្នកចេះគ្រប់គ្រងអារម្មណ៍ ចេះថ្លឹងថ្លែង និងចេះយកសម្ដីទាំងនោះមកគិតពិចារណរកពីកំហុសរបស់ខ្លួន ដើម្បីកែលម្អ ។
៤. លែងចង់ឮរឿងរបស់អ្នកដទៃ
អ្នកចាប់ផ្ដើមលែងខ្ចល់ខ្វាយពីរឿងរបស់អ្នកណា មិនច្រណែន មិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ តែអ្វីដែលអ្នកគិត គឺការធ្វើឱ្យខ្លួនឯងកាន់តែរីកចម្រើនទៅមុខទៀត ។
៥. លែងខ្វល់ពីការថតរូប ដើរលេងសប្បាយបង្ហាញអ្នកដទៃ
ជឿទេនៅពេលអាយុកាន់តែច្រើន ចិត្តគំនិតកាន់តែចាស់ជាងមុន អ្នកក៏ចាប់ផ្ដើមកាត់បន្ថយការថតរូប ហើយបើអ្នកថតក៏គ្រាន់តែចង់ទុកជាការចងចាំក៏មិនបង្ហាញទៅអ្នកដទៃដែរ ។ ហេតុផលនេះក៏ព្រោះតែអ្នកគិតថា អ្វីៗដែលយើងធ្វើគឺដើម្បីក្ដីសុខរបស់យើងឱ្យតែយើងសប្បាយចិត្តមិនចាំបាច់បង្ហាញអ្នកដទៃក៏បាន ៕