ប្រជាជនស្ទើរតែទាំងអស់ប្រាកដជាគិតថា ដើមកោងកាងមានដុះតែនៅតាមមាត់សមុទ្រប៉ុណ្ណោះ ដោយភាគច្រើនមិនបានដឹងថា ពពួករុក្ខជាតិទាំងនេះក៏មានដុះលូតលាស់ផងដែរនៅក្នុងខេត្តសៀមរាប ខណៈទឹកដីដ៏សំខាន់របស់កម្ពុជាមួយនេះ គ្មានទឹកប្រៃដូចនៅតំបន់ឆ្នេរសមុទ្រសូម្បីតែបន្តិច។
ស្ថិតក្នុងសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ភាគខាងជើងនៃស្រុកសូទ្រនិគម ដើមកោងកាងសំបកក្រហមទាំងនេះបានគ្របដណ្ដប់លើផ្ទៃដីប្រមាណជាង ៩០ ហិកតា ប៉ុន្តែបើនិយាយពីសហគមន៍អភិរក្សព្រៃឈើទាំងមូលវិញ គឺមានផ្ទៃដីរហូតដល់ ១,០២២ ហិកតា ដែលត្រូវបានអ្នកស្រុកចាត់ទុកជាតំបន់រងខ្សែទឹកក្រោមដី ហូរធ្លាក់ពីតំបន់ភ្នំគូលែនបរមបព៌តដ៏ពិសិដ្ឋរបស់អាណាចក្រខ្មែរ ។
ដើម្បីដើរទស្សនាទេសភាពនៅតាមតំបន់ព្រៃកោងកាងនេះបាន ប្រជាសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ដែលជាអ្នកស្រលាញ់អភិរក្សធនធានធម្មជាតិនៅទីនោះ បានរួមសាមគ្គីគ្នាធ្វើស្ពានឈើជាច្រើនខ្សែ សម្រាប់ឱ្យភ្ញៀវទេសចរអាចដើរទស្សនាបានយ៉ាងងាយស្រួល និងសព្វទីកន្លែងនានាជុំវិញតំបន់ព្រៃកោងកាងនេះ ។
លោកអ្នកច្បាស់ជាឆ្ងល់ហើយថា តើដើមកោងកាងទឹកសាបនៅខេត្តសៀមរាបនេះ ខុសប្លែកគ្នាពីដើមកោងកាងនៅទឹកប្រៃយ៉ាងដូចម្ដេចខ្លះ? បើតាមអ្នកស្រុកចាស់ ព្រឹទ្ធចាស់ព្រេងបានតំណាលថា គេឃើញមានដើមកោងកាងដុះដាលជាកូនព្រៃតូចមួយនៅតាមអូរខ្នារពោធិ៍ដែលមានទឹកធ្លាក់ពីភ្នំគូលែន តាំងពីយូរយាណាស់មកហើយ ប៉ុន្តែមិនច្រើនដូចពេលបច្ចុប្បន្ននេះឡើយ ។
លុះចំណេរកាលក្រោយមក ដើមកាងកាងនេះក៏បានបែកកូនពូនចៅដុះរាលជាគុម្ភៗកាន់តែច្រើនទៅៗ រហូតក្លាយជាព្រៃកោងកាងទឹកសាបដ៏ធំតែមួយគត់នៅកម្ពុជា។ អ្វីដែលជាភាពខុសប្លែកគ្នាទៅនឹងដើមកោងកាងទឹកប្រៃនោះ ត្រង់ថាដើមកោងកាងនៅសៀមរាបនេះមានកម្ពស់ចាប់ពី ៨-១០ម៉ែត្រ គឺខ្ពស់ជាងដើមកោងកាងនៅមាត់សមុទ្រ រីឯស្លឹកវិញក៏រាងត្រវែងជាងដើមកោងកាងនៅសមុទ្រដែរ ចំណែកឫសរបស់វានោះទៀតសោត ក៏ឃើញដុះចេញពីតួដើមខ្ពស់ជាង វែងជាង និងច្រើនជាងផងដែរ។ សម្បុរដើមក៏មានពណ៌ក្រហមព្រឿងខុសពីដើមកោងកាងនៅមាត់សមុទ្រ ដែលមានពណ៌សម្បុរសពព្រុសផ្អុចៗ។
ប្រភព៖ ក្រសួងទេសចរណ៍