ចប់បរិញ្ញាបត្រយូរហើយ អាយុកាន់តែច្រើន ប្រាក់ខែចាយមិនគ្រប់ អាចមកពីខ្វះ ៤ ចំណុចនេះ
បច្ចុប្បន្ននេះកំណើនយុវជនមកបន្តការសិក្សានៅទីក្រុងកាន់តែកើនឡើង នាំឱ្យទីផ្សារការងារកាន់តែមានភាពប្រកួតប្រជែងកាន់តែខ្លាំង ។ បើអ្នកមានសមត្ថភាពល្មមៗក៏ពិបាកនឹងរកការងារដែលមានប្រាក់ខែខ្ពស់ ព្រោះអ្នកដែលសមត្ថភាពខ្លាំងៗកាន់តែច្រើនដូចគ្នា ។ យុវជនខ្លះក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាច្រើនឆ្នាំនៅតែជាបុគ្គលិកធម្មតា មិនមានតំណែងសមរម្យ ឯប្រាក់ខែនៅតែក្នុងកម្រិតទាបចាយស្ទើរមិនគ្រប់ ។ ទាំងនេះអាចមកពីពួកគាត់ខ្វះខាតនូវចំណុចមួយចំនួនដូចខាងក្រោម៖
១. មិនធ្លាប់កសាងកេរ្តិ៍ឈ្មោះក្នុងវិស័យការងារពីមុនមក
នៅត្រង់ចំណុចនេះចង់សំដៅថាពីមុនមកអ្នកមិនធ្លាប់ប្រឡូកក្នុងវ័យការងារ ក្នុងភាពប្រកួតប្រជែង ការប្រកួតប្រជែងនេះរាប់ទាំងការប្រកួតលើខ្លួនឯងដែរ ។ មានន័យថាអ្នកត្រូវតែកសាងភាពលេចធ្លោររបស់ខ្លួនឯងក្នុងវិស័យរបស់ខ្លួន បើអ្នកជាអ្នកឌីហ្សាញ អ្នកត្រូវជាអ្នកឌីហ្សាញដ៏ពូកែម្នាក់ បើអ្នកជាអ្នកអាយធី អ្នកត្រូវតែជាអាយធីម្នាក់ដ៏ពូកែ ។ បើអ្នកមានប្រវត្តិការងារល្អ អ្នកក៏មានប្រាក់ខែល្អ ថ្ងៃក្រោយអ្នកចង់បោះជំហានទៅក្រុមហ៊ុនផ្សេងក៏អ្នកមិនពិបាកក្នុងការទារប្រាក់ខែដែរ ហើយតំណែងរបស់អ្នកនឹងឡើងជាលំដាប់ ។
២. មិនព្យាយាមអភិវឌ្ឍន៍ខ្លួនឯង
នៅក្នុងវិស័យការងារទាមទារឱ្យអ្នកមានភាពលេចធ្លោរទើបអាចប្រកួតជាមួយបុគ្គលិកដទៃទៀតបាន ។ អ្នកត្រូវស្វះស្វែងរកការងារដោយខ្លួនឯង ព្យាយាមរកអ្វីដែលថ្មីឱ្យការងារកាន់តែទៅមុខ ដោយមិនចាំបាច់តែអ្នកគ្រប់គ្រង ឬថ្នាក់ដឹកនាំបង្គាប់បញ្ជារគ្រប់បែបយ៉ាងនោះទេ ។ បើអ្នកនៅតែរង់ចាំការងារដែលគេទម្លាក់ឱ្យ អ្នកក៏នៅតែជាបុគ្គលិកធម្មតាៗម្នាក់ ហើយប្រាក់ខែក៏មិនងាយនឹងឡើងដែរ ។
៣. តែងប្រកាន់គំនិតប្រាក់ខែប៉ុណ្ណឹងចាំបាច់ទៅប្រឹងពេកធ្វើអី
មកពីអ្នកមានគំនិតអវិជ្ជមានលើការងារបែបនេះហើយ ទើបអ្នកតែងទទួលបានលទ្ធផលអវិជ្ជមានដូចគ្នា ។ ត្រូវចាំថាការងារជាឆ្នាំងបាយអ្នក បើអ្នកមិនខំលើការងារ តើអ្នកគួរខំលើអ្វី? ប្រាក់ខែមិនមែនចេះតែឡើងបានគ្រប់គ្នានោះទេ អ្នកដែលប្រាក់ខែខ្ពស់ៗការងារក៏កាន់តែច្រើន មិនមែនទំនេរៗលេងតែហ្វេសប៊ុកឡើយ ។ មានសមត្ថភាពប៉ុណ្ណាបញ្ចេញឱ្យអស់ នោះការងារក៏រីកចម្រើនទៅតាមនោះដែរ ។
៤. មិនមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់
ជំនាញតាមពិតមិនមែនសំដៅលើតែជំនាញដែលអ្នករៀនចប់ពីសាលានោះទេ តែសំដៅលើសមត្ថភាពពិសេសមួយរបស់អ្នក ។ មនុស្សម្នាក់ៗតែងមានទេពកោសល្យ និងជំនាញប្រចាំខ្លួនឯងរៀងៗខ្លួន អ្នកខ្លះទៅពូកែខាងផ្នែកសរសេរគេក៏ធ្វើជាអ្នកនិពន្ធ ពូកែផ្នែកឌីហ្សាញគេក៏ក្លាយជាអ្នកច្នៃម៉ូតដ៏ប៉ិនប្រសប់ ។ ដូចនេះអ្នកត្រូវសួរខ្លួនឯងថា ពូកែខាងអី ចូលចិត្តខាងអី ក៏ទៅធ្វើខាងហ្នឹងទៅ ។ មួយវិញទៀតបើអ្នកមានជំនាញទេពកោសល្យមួយជាក់លាក់ហើយ តែមិនព្យាយាមស្វះស្វែងបង្កើតបទពិសោធឱ្យខ្លួនឯង អ្នកក៏មិនបានអភិវឌ្ឍវាដែរ ។ ដូច្នេះជំនាញ និងបទពិសោធន៍នេះគឺជាកត្តាដ៏សំខាន់ដែលជាទុនមួយជួយឱ្យអ្នករីកចម្រើនទៅមុខ ទៅកន្លែងណាក៏មិនមែនជាបុគ្គលិកថ្នាក់ក្រោមៗគេដែរ ៕