ប្រាសាទបុរាណមួយ ចំកណ្ដាលផ្ទៃជលសាធំល្វឹងល្វើយ បាក់រលំរាប់រយឆ្នាំ នឹងរំលេចខ្លួនជាថ្មីលើដែនដីអង្គរ
យោងតាមគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០ បានឱ្យដឹងថា ប្រាសាទកណ្ដាលស្រះស្រង់ ដែលត្រូវបាក់រលំរាប់រយឆ្នាំនោះ នឹងផុសចេញរូបរាងពិតនៅចុងឆ្នាំ ២០២០ នេះ ។
ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី ទំនងជាត្រូវបានកសាងឡើងដំបូងគេបង្អស់ក្នុងចំណោមព្រះរាជសមិទ្ធផលនានារបស់ព្រះបាទជ័យវរ្ម័នទី៧ មុនការកសាងប្រាសាទតាព្រហ្ម នៅឆ្នាំ ១១៨៦ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅកណ្ដាលស្រះស្រង់ក៏មានប្រាសាទតូចមួយដែរ ប៉ុន្តែប្រាសាទនោះត្រូវបានបាក់រលំជាច្រើនរយឆ្នាំមកហើយ ។ មកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាបានបើកការជួសជុលប្រាសាទនេះឡើងវិញ ដែលគ្រោងនឹងបញ្ចប់ឲ្យបានរួចរាល់នៅចុងឆ្នាំ ២០២០ នេះ ។
យ៉ាងណាមិញ នាពេលថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានរកឃើញបុរាណវត្ថុមួយចំនួនពីការធ្វើកំណាយនៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ដែលមួយនៅមានរូបរាងល្អ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង ។
ក្រៅពីនោះ គេក៏បានធ្វើកំណាយរកឃើញចម្លាក់ថ្មរូបសត្វអណ្ដើក ២ ទៀតដែរ ខណៈក្រុមការងារកំពុងវិភាគស្រាវជ្រាវរកអំណះអំណាងបន្ថែមអំពីប្រភព និងបុព្វហេតុនៃការបុរាណវត្ថុទាំងនេះ ៕
ប្រភព៖ ក្រសួងទេសចរណ៍