សម័យឥលូវចង់បានប្រពន្ធស្អាតមិនខ្វះទេ តែប្រពន្ធមានចំណុច ៥ យ៉ាងនេះពិបាករកណាស់
បច្ចុប្បន្ននេះ សង្គមកាន់តែមានការរីកចម្រើន បច្ចេកវិទ្យាកែសម្ផស្សកាន់តែទំនើប គ្រឿងសម្អាងសម្រាប់ថែរក្សាសម្រស់ក៏កាន់តែសម្បូរបែប ធ្វើឱ្យនារីគ្រប់រូបអាចថែរក្សាមុខមាត់ ស្បែក សក់ រូបរាង ទាំងមូលបានស្អាតជានិច្ច ដែលអាចទាក់ទាញបុរសៗឱ្យចាប់ចិត្តស្នេហា និង គយគន់មិនចេះជិនណាយ ។
យ៉ាងណាមិញ នារីស្អាតៗមានមិនខ្វះ តែបុរសៗឥឡូវរកនារីដែលមានលក្ខណៈ៥យ៉ាងនេះ មកធ្វើជាភរិយាគឺពិតជាពិបាកណាស់៖
១. នារីដែលមានភាពចាស់ទុំគ្រប់គ្រាន់ទាំងរឿងស្នេហា លុយកាក់ ការងារ
នាងជានារីដែលមិនចាត់ទុករឿងស្នេហាជាការលេងសើច ឬ ដើម្បីអារម្មណ៍តែមួយពេលៗ ប៉ុន្តែមុននឹងស្រឡាញ់នរណាម្នាក់គឺនាងបានគិតគ្រប់ជ្រុងជ្រោយពីស្ថានភាពខ្លួនឯង តែងតែច្បាស់លាស់ និង ប្រាកដប្រជាជាមួយជាគ្នា ។ មួយវិញទៀតគឺខណៈពេលដែលខ្លួនឯងស្ថិតក្នុងវ័យសមល្មម មានការងារ និង មានប្រាក់កាសដែលអាចទទួលខុសត្រូវចំពោះខ្លួនឯងបាន មុនពេលក្លាយខ្លួនជាភរិយាមួយរូប ។
២. នារីដែលមានផែនការ និង គោលដៅច្បាស់លាស់
មនុស្សគ្រប់រូបសុទ្ធតែមានគោលដៅសម្រាប់ជីវិតខ្លួនឯង មិនថាបុរស ឬនារី ។ ចំណែកនារីដែលមានផែនការ និង គោលដៅច្បាស់លាស់ គឺនាងដឹងថាខ្លួនឯងត្រូវធ្វើអ្វីនៅជាយុវវ័យ មុនពេលរៀបការ និង ក្រោយពេលរៀបការ ដោយមិនបោះបង់ចោលក្តីស្រមៃ ហើយតែងតែព្យាយាមធ្វើដំណើរទៅរកវា ទោះបីជាផ្លូវជីវិតមានការប្រែប្រួលពីមួយដំណាក់កាលទៅមួយដំណាក់កាលដូចខាងលើក្តី ។
៣. នារីដែលចេះទុកដាក់សន្សំសំចៃ
នារីបែបនេះគឺចាស់បុរាណខ្មែរតែងហៅថានារីគ្រប់លក្ខណ៍ ឬដែលផ្ទុយពីពាក្យថាកញ្ជើរធ្លុះ ។ មានន័យថា នាងចេះគ្រប់គ្រងចំណូលចំណាយរបស់គ្រួសារបានយ៉ាងល្អ ដោយដឹងច្បាស់ពីភាពចាំបាច់ និង តម្រូវការ ពេលណាត្រូវចាយ ឬមិនត្រូវចាយ ព្រមទាំងតែងតែគិតទុកដាក់ថវិកាមួយចំនួនសម្រាប់ប្រើប្រាស់នៅគ្រាមានអាសន្ន ឬជំងឺដង្កាត់ផ្សេងៗផងដែរ ។ ជាពិសេសគឺមិនងាយបណ្តោយខ្លួនឱ្យលង់ជាមួយនឹងសម្ភារៈនិយម លើសពីសមត្ថភាពរបស់ខ្លួន ។
៤. នារីដែលចេះស្រឡាញ់ថែរក្សាខ្លួនឯងបានល្អ
នារីបែបនេះគឺជានារីដែលតែងតែបារម្ភពីសុខភាព សុវត្ថិភាពរបស់ខ្លួនឯងជានិច្ច ដោយមិនផ្តេកផ្តួលទៅនឹងភាពខ្ជិលច្រអូស នាំឱ្យកើតជំងឺនោះឡើយ ។ នាងតែងតែមានទម្លាប់ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង ។ ក្រៅពីនោះគឺចេះផ្តល់តម្លៃឱ្យខ្លួនឯង និង អប់រំផ្លូវចិត្តរបស់ខ្លួនបានយ៉ាងល្អ ។
៥. នារីដែលផ្តល់តម្លៃឱ្យគ្រួសារនាង និង គ្រួសារអ្នកស្មើគ្នា
អ្នកនឹងក្លាយជាបុរសសំណាងដែលទទួលបានភរិយាមួយរូបដែលចេះឱ្យតម្លៃគ្រួសាររបស់នាង នឹងគ្រួសាររបស់អ្នកស្មើគ្នា មានន័យថានាងមានកត្តញ្ញូ កត្តវេទីតាធម៌ចំពោះអ្នកមានគុណទាំងសងខាង ព្រមទាំងស្រឡាញ់ចាត់ទុកសាច់ញាតិអ្នកដូចជាសាច់ញាតិនាង ដោយមិនមានការច្រណែន ចងគំនុំពេលមានបញ្ហាអ្វីមួយនោះឡើយ ៕