ជួនកាលជីវិតនៅលីវ មិនងាយជោគជ័យទេ តែបើជ្រើសរើសគូជីវិតត្រូវ ស្ងាត់ៗសល់ឡាន ស្ងាត់ៗសល់ផ្ទះ
ជីវិតមនុស្សយើងម្នាក់ៗកើតមកមិនដូចគ្នានោះទេ ហើយដំណើរជីវិត និងភាពជោគជ័យក៏មិនដូចគ្នានោះដែរ ។ អ្នកខ្លះកើតមកចំគ្រួសារដែលមានជីវភាពធូរធារស្រាប់គេក៏មិនពិបាកប្រឹងប្រែងយូរនោះទេ ប៉ុន្តែយើងជាអ្នកមានជីវភាពល្មម ឬស្ថានភាពគ្រួសារមិនសូវល្អប្រសើរ គឺទាមទារឱ្យយើងខ្លួនឯងជាអ្នកត្រួសត្រាយផ្លូវ ខិតខំដោយខ្លួនឯង ដើម្បីអនាគតខ្លួនឯង ។
និយាយអំពីនារី ឬបុរសដែលនៅលីវ ក្នុងវ័យ ២០ ជាងពួកគេខិតខំធ្វើការផង រកស៊ីផង និងរិះរកគ្រប់វិធីធ្វើយ៉ាងណាដើម្បីបង្កើតចំណូលឱ្យច្រើន ឱ្យឆាប់បានសម្រេចដល់គោលដៅ ។ អ្នកខ្លះខិតខំដែរណាស់ដែរតែនៅតែមិនអាចទប់ទល់ឈ្នះការចំណាយសព្វគ្រប់បែបយ៉ាង ហើយពេលខ្លះមានដើមទុនក៏ខ្វះអ្នកជំរុញ ខ្វះអ្នកពិភាក្សា នាំឱ្យពេលវេលាចេះតែទៅមុខរកភាពជោគជ័យនៅមិនទាន់ឃើញ ហើយអាយុកាន់តែច្រើនទៅៗ ។
យ៉ាងណាមិញក្រឡេកមកមើលអ្នកដែលរៀបការហើយមួយចំនួន ស្រាប់តែអាចផ្លាស់ប្ដួរជីវិតរបស់ខ្លួនយ៉ាងឆាប់រហ័ស កាលមិនទាន់រៀបការដូចមិនសល់អីសោះ ដល់តែរៀបការហើយងាកៗទិញរថយន្តថ្មី ងាកៗមានផ្ទះមួយល្វែង ថែមទាំងមានរបររកស៊ីទៀត ។
ការជ្រើសរើសដៃគូជីវិតគឺជារឿងសំខាន់ វាអាចផ្លាស់ប្ដូរជីវិតយើងឱ្យកាន់តែរីកលូតលាស់ ឬកាន់តែដុនដាបបានដូចគ្នា ។ បើជីវិតនៅម្នាក់ឯងមិនងាយនឹងជោគជ័យ ក៏រៀបការចុះគ្មានទៅទាស់ខុសអ្វីឡើយ តែសូមរៀបការជាមួយមនុស្សត្រូវ រៀបការជាមួយមនុស្សដែលយើងសំឡឹងទុកដាក់ មានលក្ខណៈពិសេសរួមមួយដែលយើងអាចរំពឹងថា ក្រោយរៀបការហើយយើងអាចកសាងគ្រួសារមួយដ៏ជោគជ័យ ។ ដៃគូជីវិតបើរើសត្រូវ គឺមានក្ដីសុខមួយជីវិត បើរើសខុសក៏ធ្វើឱ្យគ្រាំគ្រាចិត្តខាតពេលវេលា ។
បើអាចគួររៀបការជាមួយមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ ស្មោះត្រង់មួយនឹងមួយ មានទ្រព្យធនធានស្មើអ្នក ឬអាចលើសអ្នក មានកម្រិតចំណេះដឹងស្មើអ្នក ឬ ខ្ពស់ជាងអ្នក មានផែនការ គោលដៅច្បាស់លាស់ដូចគ្នា គ្រួសារទាំងសងខាងមានទំនាក់ទំនងល្អនឹងគ្នា នោះមិនយូរប៉ុន្មានជីវិតក៏នឹងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕