ហេតុផលដែលគេ Active Now តែមិនតបឆាត ឬ Seen ហើយក៏មិនតប គឺមកពីបែបនេះ
មនុស្សរាប់រយ រាប់ពាន់អ្នកដែលជាមិត្តភក្ដិក្នុងហ្វេសប៊ុករបស់អ្នក តើមានមនុស្សប៉ុន្មាននាក់ដែលអ្នកតែងទាក់ទងទៅគេ ឬគេទាក់ទងមកអ្នក ? មិនច្រើនទេ យ៉ាងច្រើនត្រឹមបួនដប់នាក់ ដែលជាអ្នកស្និទ្ធស្នាលនឹងអ្នកប៉ុណ្ណោះ ។
មនុស្សម្នាក់អាចមានលក្ខណៈពិសេសជាងគេក្នុងចំណោមមិត្តភក្ដិរបស់អ្នក ម្នាក់នោះ អាចជាគោលដៅស្នេហាដែលអ្នកចង់បង្កើតជាមួយ ឬគេជាមនុស្សដែលអ្នកចង់សាកល្បងរាប់អានក្នុងលក្ខខណ្ឌពិសេស ។ មនុស្សម្នាក់នោះអាចមានចំណុចពិសេសខុសពីមនុស្សរាប់រយនាក់ផ្សេងទៀតដែលអ្នកបានជួប ឬបានស្គាល់ ។ អ្នកអាចស្គាល់គេលើបណ្ដាញសង្គមហ្វេសប៊ុក ឬមួយស្គាល់គេនៅខាងក្រៅដោយសារហេតុផលអ្វីមួយ ឬក៏ដោយចៃដន្យ ។
មែនហើយ អ្នកតែងគិតថាខ្លួនឯងជាមនុស្សម្នាក់ដែលពិសេសសម្រាប់មនុស្សជាច្រើន ឬមួយក៏គិតថាខ្លួនឯងក៏មានចំណុចពិសេសផ្សេងៗទាំងរូបសម្បត្តិ ការងារ ការសិក្សា ។ ចំណុចទាំងនេះហើយទើបជំរុញឱ្យចិត្តអ្នកទៅទាក់ទងនឹងមនុស្សណាម្នាក់ដោយភាពជឿជាក់បំផុត ថានឹងអាចបង្កើតទំនាក់ទំនងមួយជាមួយនឹងគេម្នាក់នោះ ។
ចុះបើឆាតទៅគេពីបីដងគេមិនដែលតបទាំងគេកំពុងអនឡាញ ឬមួយគេឃើញសាររបស់អ្នកហើយ ប៉ុន្តែគេមិនតប តើមកពីមូលហេតុអ្វី? អ្នកមិនបាច់ខកបំណងពេកទេ ហើយក៏មិនបាច់អន់ចិត្ត គិតថាខ្លួនឯងអន់នោះដែរ ។ ជាធម្មតាមនុស្សដែលអ្នកទាក់ទងទៅគេមុន មកពីអ្នកគិតថាគេជាមនុស្សពិសេសម្នាក់ អ៊ីចឹងហើយមនុស្សបែបនេះ មានគេទាក់ទងមិនតិចទេ បូករួមទាំងអ្នកផងដែរ ។ មុននឹងគេធ្វើការឆ្លើយតបគេប្រាកដជាចូលទៅឆែកមើលប្រូហ្វាលអ្នកសិន ថាអ្នកមកពីណា ជានរណា ជាដើម ។ ដូច្នេះប្រសិនបើក្នុងលក្ខខណ្ឌណាមួយ អ្នកមិនអាចចូលទៅក្នុងអារម្មណ៍គេទេ គេនឹងមិនតបសារអ្នកឡើយ ដើម្បីកុំឱ្យពិបាកតបសាររបស់អ្នកនៅពេលក្រោយទៀត ។
បទពិសោធនេះអ្នកក៏ប្រហែលជាធ្លាប់ផ្ដល់ទៅអ្នកដទៃដែរ នៅពេលដែលគេឆាតមកអ្នក ហើយអ្នកមិនតបទៅវិញ ក៏ប្រហែលជាដូចការរៀបរាប់ខាងលើនេះ ។ ដូច្នេះហើយកុំមានអារម្មណ៍អន់ចិត្ត ព្រោះជាធម្មតាយើងអាចពិសេសសម្រាប់នរណាម្នាក់ ប៉ុន្តែមិនពិសេសសម្រាប់គេម្នាក់នោះ ។ បង្កើតទំនាក់ទំនងជាមួយអ្នកណាដែលគេឱ្យតម្លៃអ្នក ទើបអ្នកមិនសូវឧស្សាហ៍ខកបំណងបែបនេះ ៕