កុំច្រឡំ ទេវតាឆ្នាំជូតចុះចំថ្ងៃចន្ទ មិនមែនជិះពាហនៈសត្វកណ្តុរតាមឆ្នាំទេ តែគឺជាសត្វខ្លាធំ (ព្យគ្ឃៈ)
ថ្មីៗមានការយល់ច្រឡំមួយបានកើតឡើងក្នុងស្រទាប់មហាជន ពិសេសក្មេងៗជំនាន់ក្រោយដែលមិនបានយល់ច្បាស់ពីអ្វីដែលជាទំនៀមនៃពិធីបុណ្យចូលឆ្នាំថ្មី ដោយគេសង្កេតឃើញក្នុងឱកាសកៀកថ្ងៃបុណ្យចូលឆ្នាំជូតថ្មី ដែលនឹងខិតចូលមកដល់នាងពេលខាងមុខឆាប់ៗនេះ បែរជាមានការលើឡើងព្រោងព្រាតបន្ទាប់ពីគេបានឃើញការផុសក្នុងបណ្តាញសង្គមបង្ហាញពីទេពធីតាឆ្នាំជូត ទ្រង់ជិះពាហនៈជាសត្វខ្លា មិនមែនជាសត្វកណ្តុរ ។
តាមពិតយានជំនិះទេវតាខុសពីពង្សធាតុនៃទេវតាដែលជាសត្វតាមឆ្នាំ ដោយគ្រប់គ្នាតែងតែគិតថារាល់ពេលចូលឆ្នាំទេវតាដែលទ្រង់នឹងយាងចុះមកគ្រងជម្ពូរទ្វីប តែងមានយានជំនិះជាសត្វតំណាងឱ្យឆ្នាំនោះ ។ ឧទាហរណ៍ ឆ្នាំជូតជិះកណ្តុរ ឆ្នាំឆ្លូវជិះគោ ឬ ឆ្នាំខាលជិះខ្លា ជាដើម តែការពិតមិនដូច្នោះឡើយ ព្រោះបុត្រីកបិលមហាព្រហ្មមានតែ ៧ អង្គប៉ុណ្ណោះ ដែលទេពធីតាទាំង ៧ អង្គនោះ ទ្រង់មានយានជំនិះផ្ទាល់ មិនមែនសត្វទាំង ១២ ឡើយ ។ ខាងក្រោមនេះជា ថ្ងៃ និង ព្រះនាមទេពធីតា ព្រមទាំងយានជំនិះ ពេលទ្រង់ចុះគ្រងជម្ពូរទ្វីប ដែលដកស្រង់ចេញពីសៀវភៅ មហាសង្ក្រាន្តខ្មែរ និង ទំព័រផេកវប្បធម៌ខ្មែរ ៖
-ថ្ងៃអាទិត្យ ទេវតានាមនាង ទុង្សាទេវី ដែលមានយានជំនិះជាសុបណ្ណរាជ (ស្តេចគ្រុឌ)
-ថ្ងៃចន្ទ ទេវតានាមនាង គោរាគទេវី ដែលមានយានជំនិះជាព្យគ្ឃ: (ខ្លាធំ)
-ថ្ងៃអង្គារ ទេវតានាមនាង រាក្យសាទេវី ដែលមានយានជំនិះជាអស្សតរ (សេះ) ឬ សុករ: (ជ្រូក)
-ថ្ងៃពុធ ទេវតានាមនាង មណ្ឌាទេវី ដែលមានយានជំនិះជាគទ្រភ (លា)
-ថ្ងៃព្រហស្បត្តិ៍ ទេវតានាមនាង កិរិណីទេវី ដែលមានយានជំនិះជាគជសារ (ដំរី)
-ថ្ងៃសុក្រ ទេវតានាមនាង កិមិរាទេវី ដែលមានយានជំនិះជាមហិសារាជ (ស្តេចក្របី)
-ថ្ងៃសៅរ៍ ទេវតានាមនាង មហោទរាទេវី ដែលមានយានជំនិះជាមយូរ (ក្ងោក)
គួរឱ្យដឹងដែរថា សម្រាប់ឆ្នាំថ្មីនេះ ទេវតាមហាសង្ក្រាន្តនឹងចូលមកដល់នៅវេលាម៉ោង ២០ និង ៤៨ នាទីយប់ថ្ងៃចន្ទ ៦ រោច ខែចែត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្តសករាជ ២០២០ ដែលត្រូវនឹងវេនព្រះនាង គោរាគទេវី ជាបុត្រីទី ២ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អាភរណៈទ្រង់ពាក់កែវមុក្តា (គុជខ្យង) ភក្សាហារទ្រង់សោយតេលំ (ប្រេងរុក្ខជាតិ) ទ្រង់អាវុធ ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់យដ្ឋិ គង់ផ្ទំបើកព្រះនេត្រលើខ្នងព្យគ្ឃៈជាពាហនៈ (សត្វខ្លា) ៕