ចំនួនអ្នកផ្ទុកកូវីដ១៩ នៅអាមេរិកកើនឡើងស្មើនឹង ៤ ដង នៃចំនួនអ្នកឆ្លងនៅចិន
កូរ៉ូណាវីរុស ឬ វីរុសកូវីដ១៩ គឺជាវីរុសដែលបង្កជំងឺផ្លូវដង្ហើមប្រភេទថ្មីមួយពុំទាន់មានវ៉ាក់សាំងការពារ និង ថ្នាំព្យាបាល ដែលបានឆ្លងរាតត្បាតទូទាំងសាកលលោក ព្រមទាំងធ្វើឱ្យមនុស្សជាង ៦ ម៉ឺននាក់ បានស្លាប់ក្នុងរយៈពេលមួយដ៏ខ្លី ។
វីរុសកូវីដ១៩ បានចាប់ផ្តើមឆ្លងដំបូងនៅក្នុងប្រទេសចិន ក្នុងទីក្រុងវូហាន នៃខេត្តហួប៉ី ព្រមទាំងបានចម្លងទៅមនុស្សជាច្រើនយ៉ាងឆាប់រហ័ស ។ យ៉ាងណាមិញ រហូតមកដល់ខែមេសានេះ ប្រទេសចិនទាំងមូលស្ទើតែ បានទប់ស្កាត់ការរាតត្បាតបានទាំងស្រុង ប៉ុន្តែប្រទេសដទៃទៀតជាពិសេសនៅអាមេរិក និង អ៊ឺរ៉ុបកំពុងមានករណីកើនឡើងយ៉ាងគំហុក។
ជាក់ស្តែងគិតត្រឹមថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងនៅក្នុងសហរដ្ឋអាមេរិកបានឈរនៅលំដាប់ទី១ គឺចំនួន ៣៣៦,៨៣០នាក់ និងមានអ្នកស្លាប់ចំនួន ៩,៦១៨នាក់ ខណៈពេលដែលអ្នកឆ្លងនៅចិនមានចំនួន ៨១,៧០៨នាក់ ។ ចំនួននេះបានធ្វើឱ្យអ្នកឆ្លងវីរុសកូវីដ១៩ នៅអាមេរិកបានកើនដល់ ៤ដង នៃចំនួនអ្នកឆ្លង ឬផ្ទុក នៅក្នុងប្រទេសចិន ៕
ប្រភព៖ Worldometer