សោកស្តាយណាស់ កូនផ្សោតអាយុបីខែនៅកាំពី បានស្លាប់មិនដឹងមូលហេតុ
ពិតជាការសោកស្តាយមួយ ដោយមានកូនផ្សោតមួយក្បាលបានស្លាប់នៅក្បែរអន្លង់ផ្សោតកាំពី មិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ព័ត៌មាននេះបានធ្វើឱ្យក្រុមអ្នកអភិរក្សសមានការសោកស្តាយជាខ្លាំង ។
បើតាមការចេញផ្សាយព័ត៌មានរបស់អង្គការ WWF នៅយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ នេះ ដោយអង្គការបានសម្តែងការក្រៀមក្រំខ្លាំងណាស់ចំពោះការស្លាប់របស់សត្វផ្សោតមួយក្បាលនៅថ្ងៃនេះ ។ សាកសពសត្វផ្សោតដែលមានអាយុប្រហែលជាបីខែ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេមេគង្គ ចម្ងាយប្រហែល ១៩ គីឡូម៉ែត្រ ពីអន្លង់ផ្សោតកាំពី ជិតទីរួមខេត្តក្រចេះ ។
អង្គការ WWF ពិតជាព្រួយបារម្ភជាខ្លាំងចំពោះការស្លាប់របស់កូនផ្សោតនេះ ហើយកំពុងធ្វើការជាមួយរដ្ឋបាលជលផល និង ដៃគូបច្ចេកទេសនានា ដើម្បីកំណត់មូលហេតុនៃការស្លាប់របស់សត្វផ្សោតនេះនៅពេលដ៏ខ្លីខាងមុខនេះ ៕