ទំនិញ ៧ យ៉ាងមិនគួរទិញតាមអនឡាញដាច់ខាត ប្រយ័ត្នក្អួតឈាម វេលុយឱ្យគេទទេៗ
សម័យបច្ចប្បន្នការទិញទំនិញតាមអនឡាញកាន់តែមានការពេញនិយម ដោយសារមនុស្សមួយចំនួនមិនមានពេលវេលាគ្រប់គ្រាន់នឹងដើរផ្សារ ។ មួយវិញទៀតដោយសារភាពទាក់ទាញ ប្រូម៉ូសិនដូចព្យុះរបស់អ្នកលក់ ទើបធ្វើឱ្យមនុស្សមួយចំនួនសង្វាតចង់ទិញខ្លាចមិនទាន់គេ ។ យ៉ាងណាមិញរបស់មួយចំនួនអ្នកមិនគួរទិញតាមអនឡាញឡើយ ប្រយ័ត្នខកបំណង ៖
១. គ្រឿងសង្ហារឹម
អ្នកត្រូវការនូវគ្រឿងសង្ហារឹម ប្រណិត រឹងមាំ ត្រូវចិត្ត អាចប្រើប្រាស់បានរាប់ឆ្នាំទៅមុខ ។ ដូចជាពូក អ្នកត្រូវគេងមួយយប់ ៨ម៉ោង ។ ដូច្នេះត្រូវការរកពូកណាដែលទន់ងាយស្រួលគេង ។ វាំងនន អ្នកត្រូវជ្រើសពណ៌ដែលស័ក្ដិសមទៅនឹងគេហដ្ឋានរបស់អ្នក ។ សាឡុង ត្រូវតែជាប្រភេទល្អ មានគុណភាព ។ ទំនិញទាំងនេះអ្នកត្រូវចំណាយពេលពិនិត្យឱ្យល្អិនល្អន់ណាស់ មិនអាចមើលនឹងភ្នែក ឃើញតែរូបភាពបញ្ជាទិញបានឡើយ ជួនកាលវាអាចខូចខាតត្រង់ណាមួយ ពណ៌ខុសពីរូបជាដើម ។
២. ម្ហូបអាហារមួយចំនួន
អ្នកមិនគួរទិញម្ហូបអាហារមួយចំនួនតាមអនឡាញ ពីមនុស្សដែលអ្នកមិនស្គាល់ ឬពីហាងណាដែលអ្នកមិនធ្លាប់ឮ ពិសេសអាហារដែលទាមទារឱ្យមានអនាម័យខ្ពស់ដូចជាអាហារផ្អាប់ ប្រហុក ផ្អក ម៉ាំ ជ្រក់ ជាដើម ។ អាហារទាំងនេះងាយនឹងបង្កបញ្ហាដល់សុខភាពប្រសិនបើគ្មានអនាម័យ ។ ជួនកាលរសជាតិក៏មិនត្រូវចិត្ត ការដឹកជញ្ជូន វេចខ្ចប់ ពីដៃមួយទៅដៃមួយ អាចនឹងមានមេរោគជ្រៀតចូលជាដើម ។
៣. ស្បែកជើង
ជាធម្មតាស្បែកជើងអ្នកត្រូវលជាមុនសិនមុននឹងទិញ ព្រោះបើខុសទំហំអ្នកក៏ទិញមកគ្មានបានប្រយោជន៍អី ។ ថ្វីដ្បិតអ្នកលក់បញ្ជាក់ទំហំលេខក៏ពិតមែន ប៉ុន្តែជាក់ស្ដែងមិនប្រាកដថាទំហំដែលគេបង្ហាញនោះត្រូវនឹងខ្នាតជើងអ្នកឡើយ ។
៤. ខ្សែក្រវាត់
ចំណែកខ្សែក្រវាត់វិញអ្នកត្រូវលជាមួយនឹងទំហំចង្កេះ បើអ្នកទិញតាមតែស្មានជួនកាលទិញមកនាំពិបាកកាត់ចេញ ឬពិបាកចោះរន្ធថែម ។
៥. សំលៀកបំពាក់មួយទឹក ឬសំលៀកបំពាក់ដែលមិនស្គាល់ម៉ាក
ពាក្យថាសំលៀកបំពាក់មួយទឹកមានន័យថារបស់ដែលគេប្រើហើយ ជួនកាលវាអាចធ្លុះធ្លាយ ស្លក់ពណ៌ អ្នកទិញយកមកពាក់ក៏វាមិនបានប៉ុន្មានដែរ ហើយបើខុសទំហំវិញមិនអាចប្ដូរថ្មីបានទៀត ។ ចំណែកសំលៀកបំពាក់ដែលអ្នកមិនស្គាល់ម៉ាក អ្នកអាចមិនពេញចិត្តលើសាច់ក្រណាត់ ថ្នេរ ហើយទិញមកមិនពាក់ទុកចោលដដែល ។
៦. គ្រឿងអល្លង្កា
មាស ពេជ្រ របស់មានតម្លៃថ្លៃ អ្នកមិនគួរប្រថុយទិញតាមអនឡាញឡើយ ព្រោះបើមានបញ្ហាអ្វីមួយ អ្នកត្រូវខាតលុយរាប់រយ រាប់ពាន់ដុល្លារ ។ អ្នកត្រូវទៅទិញដល់កន្លែង រកកន្លែងណាដែលគួរឱ្យជឿទុកចិត្ត ដើម្បីពិនិត្យមើលរបស់សុទ្ធ ឬមិនសុទ្ទ ម៉ូតក្បូរក្បាច់ធ្វើបានល្អ បានស្អាតដែរទេ ។
៧. របស់របរប្រើប្រាស់ក្នុងផ្ទះ
របស់របរមួយចំនួនដូចជា ទូរទឹកកក ម៉ាស៊ីនបោកខោអាវ ឆ្នាំងអ៊ុត ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនក្រឡុក ជាដើម មិនគួរទិញតាមអនឡាញឡើយ ។ របស់របរទាំងនេះអ្នកត្រូវទិញដោយមានការធានាពីក្រុមហ៊ុនច្បាស់លាស់ ព្រោះសុទ្ធតែរបស់ដែលមានតម្លៃថ្លៃ បើទិញខុសដូចចោលលុយ ហើយបានរបស់ដែលមិនពេញចិត្តទៀត ៕
ប្រភព៖ Brightside