
ទីបំផុតធនាគារជាតិ ចេញសារាចរណ៍ណែនាំគ្រឹះស្ថានហិរញ្ញវត្ថុ បន្ធូរបន្ថយលក្ខខណ្ឌ ៩ចំណុចដល់អ្នកជាប់កម្ចី
យោងតាមសារាចរណ៍ណែនាំមួយស្ដីពីការ ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលនៃវីរុសកូវីដ ១៩ ដែលចុះហត្ថលេខាដោយឯកឧត្ដម ជា ចាន់តូ ទេសាភិបាលនៃធនគារជាតិកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះ បានណែនាំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុធ្វើការបន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ចំពោះអ្នកដែលរងផលប៉ះពាល់ទាំង ៤ វិស័យរួមមាន៖
១. ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជ្ជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ)
២. កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត)
៣. សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង)
៤. ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទីក។
អ្នកដែលរងផលប៉ះពាល់ទាំងនេះនឹងទទួលបាននូវការបន្ធូរបន្ថយចំនួន ៩ចំណុចរួមមាន៖
១. ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន
២. ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម
៣. ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់
៤. ការពន្យារឥណទានប្រតិទាន
៥. ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន
៦. ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន
៧. ការលើកលែង ឬបន្ថយទ្រព្យធានា
៨. ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និង
៩. ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី ៕
សូមមើលក្នុងសារាចរណ៍ណែនាំទាំងស្រុងដើម្បីលម្អិត ៖