
នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកែសម្រួលលើអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ។
យោងតាមអនុក្រឹត្យខាងលើ ត្រង់ជំពូកទី៣ មាត្រា១០ ថ្មី ចំពោះអ្នកបើកបរយានយន្តស្ថិតក្នុងភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យអន្តរការណ៍ដូចតទៅ៖
– ទឹកប្រាក់ចំនួន ១ ០០០ ០០០ (មួយលាន) រៀល សម្រាប់ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរឺម៉ុក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន
– ទឹកប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល សម្រាប់យានយន្តធុនស្រាល
– ទឹកប្រាក់ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល សម្រាប់យានយន្តធុនធ្ងន់។
ក្នុងករណីនេះ ត្រូវបញ្ឈប់មិនឱ្យបន្តដំណើរទៅមុខទៀត ។
មាត្រ ១០ ថ្មី ដដែលក៏បានបញ្ជាក់ទៀតថា ក្នុងករណីជនល្មើសធ្លាប់រងពិន័យម្ដងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសក្នុងរយៈពេល ៦ ខែ ត្រូវផ្ដន្ទាទោសតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ក្នុងករណ៍មានអត្រាជាតិអាល់កុលក្រោមតិចជាងនេះ សូមអានអនុក្រឹត្យខាងក្រោម ៖
អត្ថបទដោយ៖ បេប៊ី