ស្អាតណាស់! បុរសម្នាក់យកគម្របដបប្លាស្ទិក មកច្នៃជារូបភាពទង់ជាតិ និង អក្សរខ្មែរនៅលើកង់បីឥណ្ឌា
បុរសដែលរត់កង់បីឥណ្ឌាម្នាក់ បានធ្វើឱ្យគេចាប់អារម្មណ៍ និង សរសើរលើការចេះច្នៃប្រឌិតដោយបានយកកាកសំណល់ក្រវិលកំប៉ុងគ្រឿងភេសជ្ជៈផ្សេងៗមកច្នៃជាអាវមួយបានយ៉ាងស្រស់ស្អាត នាពេលកន្លងទៅ និង ថ្មីៗនេះ បានយកគម្របដបប្លាស្ទិក ដែលគេ បោះចោលមកកែច្នៃ ទៅជារូបភាពទង់ជាតិ និង អក្សរខ្មែរនៅលើកង់បីឥណ្ឌារបស់គាត់ទៀត ។
មហាជនបានសរសើរថា ការធ្វើរបៀបនេះ វាអាចជាប្រយោជន៍ ថែមទាំងរួមចំណែក កែលម្អសោភ័ណភាពទីក្រុង ដោយកាត់បន្ថយនូវសំរាមប្លាស្ទិកជំនួសដោយការយកមកច្នៃជារបស់របរប្រើប្រាស់ផងដែរ ។
ពិតជាមានភាពប្លែកភ្នែកខ្លាំងមែនទែន ពេលដែលបុរសម្នាក់នេះ មានគំនិតថ្មីក្នុងការបំលែងគម្របដប ប្លាស្ទិក ដែលគេយកទៅបោះចោល ទៅធ្វើជារូបភាពទង់ជាតិ និង អក្សរខ្មែរនៅលើកង់បីឥណ្ឌារបស់គាត់តែម្តង ដែលមើលទៅម្តងនេះ មិនដឹងត្រូវចំណាយពេលប៉ុន្មានថ្ងៃនោះទេ ទើបអាចផ្គុំគម្របដបទៅជារូបភាពដ៏អស្ចារ្យបែបនេះ ។
គេតែងតែសង្កេតឃើញថា បុរសម្នាក់នេះ គាត់ស្រលាញ់បរិស្ថានណាស់ ដោយតែងតែរើសសំបកកំប៉ុង តាមដងផ្លូវ និង តែងឱ្យលុយទៅកុមារតូចៗដែលបានជួយរើសកំប៉ុងតាមផ្លូវឱ្យគាត់ ហើយគាត់បាន ប្រមូល ក្រវិលកំប៉ុងច្រើនណាស់ រាប់ម៉ឺនក្រវិល យកមកធ្វើអាវ ខោ និង កាបូប ។
កន្លងមកមានជនបរទេសជាច្រើន ពេលជិះPass Apps ពួកគេបានសុំថត និង សុំទិញខោអាវ នេះ ដោយឱ្យតម្លៃខ្ពស់ តែគាត់មិនលក់នោះទេ ដោយគាត់ថា គាត់ត្រូវតែ ទុកវាជាជានិមិត្តរូបថា «ជនជាតិខ្មែរយើង ស្រលាញ់ និង ការពារបរិស្ថានណាស់!» ៕