រដ្ឋបាលខេត្តសៀមរាប សម្ពោធដាក់ឱ្យប្រើប្រាស់ឧបករណ៍ហាត់ប្រាណសាធារណៈ នៅបរិវេណសួនច្បារព្រះអង្គចេកព្រះអង្គចម
រដ្ឋបាលខេត្តសៀមរាប ក្រោមការគិតគូរ និង យកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ធ្វើលំហាត់ប្រាណសាធារណៈ នៅបរិវេណសួនច្បារខាងមុខរង្វង់មូលព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ជាការឧបត្ថម្ភរបស់ ក្រុមហ៊ុន ភេសជ្ជៈ កម្ពុជា (កូ កា – កូ ឡា) ។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ធ្វើលំហាត់ប្រាណសាធារណៈនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រោមអធិបតីភាពរបស់លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ។ ក្នុងនោះដែរក៏មានការចូលរួមដោយលោកនាយកផ្នែកច្បាប់ និង ទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេស ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូការ-កូឡា) លោក លោកស្រី ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ គរុសិស្ស យុវជនកាយរិទ្ធ និង សិស្សានុសិស្ស ជាច្រើនទៀត ។
ការបើកឱ្យប្រើប្រាស់ឧបករណ៍ហាត់ប្រាណសាធារណៈនៅបរិវេណសួនច្បារខាងមុខរង្វង់មូលព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាបនេះ ក្នុងគោលបំណងផ្តល់សេវាកម្មជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមការហាត់ប្រាណឱ្យមកហាត់ប្រាណបានគ្រប់គ្នា និង ដោយសេរី ដើម្បីថែរក្សាសុខភាព ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និង ធ្វើឱ្យបេះដូង របស់អ្នកកាន់តែល្អប្រសើរ ហើយចលនានៃសម្ពាធឈាម ក្នុងរាងកាយក៏ល្អ ៕