ផ្កាត្របែកព្រៃកំពុងរីកស្គុសស្គាយ ទាក់ភ្នែកអ្នកដំណើរក្នុងរាជធានីភ្នំពេញ គយគន់មិនជិនណាយ
រូបសម្រស់ និង ក្លិនដ៏ក្រអូបរបស់ផ្កា គឺជាផ្នែកមួយជួយបង្កើនចំណីចក្ខុ ឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ជួយបំភ្លេចការនឿយហត់មួយគ្រា ពេលដែលយើងដាក់ចិត្តគយគន់ ឬ ស្រូបក្លិនរបស់វា ។
ជាក់ស្ដែងក្នុងរដូវនេះ ផ្កាត្របែកព្រៃកំពុងរីកស្គុសស្គាយបញ្ចេញសម្រស់ដល់អ្នកដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ មិនភ្លេចចោលភ្នែកក្រឡេកមើលទេសភាពដ៏ស្រស់ត្រកាល ដែលផុសចេញពីពណ៌ដ៏ស្រស់ឆើតឆាយរបស់វានោះឡើយ ។
ផ្កាត្របែកព្រៃ ជាផ្កាខ្មែរមួយប្រភេទ ដែលរីកពីព្រលឹមរហូតដល់ព្រលប់ ផ្កាមានពណ៌ស្វាយសែនស្រស់គាប់ភ្នែក ដ្បិតតែផ្កានេះ បានដូរដីពីព្រៃមកដុះនៅទីក្រុង ក៏មិនអាចផ្លាស់ប្ដូរសម្រស់ដ៏ទាក់ទាញរបស់វាបានដែរ ៕
រូបភាព៖ ក្រុមព្រះសុរិយា