កន្រ្តកវិលយក្សដែលមានកម្ពស់ខ្ពស់ជាងគេទី៣ នៅតំបន់អាស៊ីដែលមានកម្ពស់ ៨៥ម៉ែត្រ មានទៅតាំងនៅខាងកើតភូមិវប្បធម៌ នៃក្រុងសៀមរាប គ្រោងនឹងបើកសម្ភោធជាផ្លូវការនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២០នេះ ។
កន្រ្តកវិលយក្សដែលមានឈ្មោះថា Angkor Eye នឹងដាក់បម្រើភ្ញៀវទេសចរ ឱ្យជិះកម្សាន្តលេង មើលទេសភាពពីលើអាកាសដ៏ស្រស់បំព្រង រួមជាមួយកន្លែងអង្គុយប្រកបដោយផាសុកភាព មានបំពាក់ដោយម៉ាស៊ីនត្រជាក់យ៉ាងទំនើប ។
មួយវិញទៀត សម្រាប់តម្លៃវិញ គឺមានការបែងចែកជាប្រភេទភ្ញៀវទេសចរ ដោយភ្ញៀវខ្មែរអាយុចាប់ពី១២ឆ្នាំឡើងទៅតម្លៃ ៦ដុល្លារ រីឯភ្ញៀវបរទេសអាយុដូចគ្នាតម្លៃ ១២ ដុល្លារ ។ ចំណែក កុមារអាយុក្រោម ១២ ឆ្នាំ សម្រាប់ខ្មែរ ២,៥ ដុល្លារ និង បរទេសតម្លៃ ៥ដុល្លារ ។ រីឯកុមារតូចអាយុក្រោម ៣ឆ្នាំ គឺមិនត្រូវបានគិតថ្លៃឡើយ ។
សូមបញ្ជាក់ថា កន្រ្តកទាំងអស់មានចំនួន៤៨ កន្រ្តក ដែលក្នុងមួយកន្រ្តកអាចផ្ទុកមនុស្សបាន៤នាក់ ព្រមទាំងអាចផ្ទុកមនុស្សបានទាំងអស់ ១៩២នាក់ក្នុងពេលតែមួយ និង ក្នុងមួយជុំប្រើពេល ១៨នាទី ៕