ចៅហ្វាយស្រុកឆ្នើម ឃឹម ហ្វីណង់ តម្រូវឱ្យមន្ដ្រីសាលាស្រុកទាំងអស់ប្រើឯកសណ្ឋានមួយនេះ ក្នុងម៉ោងធ្វើការ
នៅថ្ងៃទី ២១ ខែកុម្ភៈ នេះ លោក ឃឹម ហ្វីណង់ ចៅហ្វាយស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបំពាក់ឯកសណ្ឋានថ្មីជូនមន្រ្តីនៅក្នុងរចនាសម្ពន្ធ័របស់រដ្ឋបាលខ្លួន ដោយប្រាប់ពីអត្ថន័យនៃការស្លៀកពាក់ឯកសណ្ឋានក្នុងពេលបំពេញការងារទៀតផង ។
ចៅហ្វាយស្រុកវ័យក្មេងដ៏ឆ្នើមរូបនេះ បានលើកឡើងថា ឯកសណ្ឋានតំណាងឱ្យ វិន័យ ភាពម៉ឺងមាត់ និង ក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញការងារ ហើយវាក៏តំណាងឱ្យភាពស្មើគ្នា និង សេចក្តីថ្លៃថ្នូរនៅក្នុងកន្លែងធ្វើការផងដែរ ដែលនេះបានសេចក្ដីថា មិនថាថ្នាក់លើ ឬថ្នាក់ក្រោមទេ គឺតម្រូវឱ្យពាក់ឯកសណ្ឋាននេះគ្រប់គ្នា ។
ម្យ៉ាងវិញទៀត បងប្អូនប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី ក៏លែងពិបាកក្នុងការសម្គាល់មន្រ្តីរបស់សាលាស្រុកទៀតហើយដែរ ព្រោះមន្ត្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រីទាំងអស់នឹងតម្រូវឱ្យប្រើប្រាស់ឯកសណ្ឋានមួយនេះ នៅក្នុងម៉ោងបំពេញតួនាទី និង បម្រើសេវាជូនប្រជាពលរដ្ឋ ។ ក្នុងនោះសូម្បីតែលោកចៅហ្វាយស្រុក ឃឹម ហ្វីណង់ ផ្ទាល់ ក៏បានអះអាងថា លោកនឹងស្លៀកឯកសណ្ឋាននេះរាល់ថ្ងៃផងដែរ ៕