ក្នុង១ឆ្នាំៗ រដ្ឋអាចរកចំណូលពីសេវាកម្មច្រកចេញចូលតែមួយ បានច្រើនដល់ម្ល៉ឹងផង !
បច្ចុប្បន្ននេះ ការផ្តល់សេវាតាមច្រកចេញចូលតែមួយ នៅតាមរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌគឺបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយ៉ាងច្រើនក្នុងការបំពេញបែបបទ ឬ រត់ការឯកសារផ្សេងៗ។ ហើយក្នុងមួយឆ្នាំៗរដ្ឋបានរកចំណូលពីការបម្រើសេវាកម្មតាមច្រកចេញចូល តែមួយនេះ រហូតដល់ទៅរាប់លានដុល្លារ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០នេះថា បច្ចុប្បន្ននេះ គ្រប់រាជធានី ខេត្តសុទ្ធតែមានអង្គភាពច្រកចេញចូលតែមួយ ចំពោះថ្នាក់ស្រុក ខណ្ឌ ក៏បានបង្កើតការិយាល័យច្រកចេញចូលតែមួយ រហូតដល់ចំនួន១១៥ ស្រុក ក្រុង ខណ្ឌហើយ ដែល ស្មើនឹង ៥៧%នៃចំនួនក្រុង ស្រុក ខណ្ឌសរុប ។ ហេតុនេះហើយ មន្ត្រីបម្រើការងារច្រកចេញ-ចូលតែមួយ ត្រូវតែពង្រឹងបន្ថែមទៀត នូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពការងារឱ្យបានល្អជូនប្រជាពលរដ្ឋ។
បើយោងតាមតួលេខ ដែលទទួលបានពីក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ទាំង២៥បានផ្តល់សេវារដ្ឋបាលសរុបចំនួន៥៣៥.០៥៤សេវា ក្រោមប្រភេទសេវាចំនួន ៥៥៩ប្រភេទ ក្នុងវិស័យចំនួន១៤ ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង ទទួលបានចំណូលសរុបចំនួន ៤៦.៩១០.៣៧៧.៩២១រៀល ស្មើនឹងជាង ១១.៧២៧.៥៩៥ដុល្លារ ។ ដោយឡែក ការិយាល័យច្រកចេញចូលតែមួយនៃក្រុង ស្រុក ខណ្ឌគោលដៅទាំង៨៣ បានផ្តល់សេវារដ្ឋបាលសរុបចំនួន១.៣១៨.៨៨៤សេវា ក្រោមប្រភេទសេវាចំនួន២១១ប្រភេទ ក្នុងវិស័យចំនួន១៤ និង ទទួលបានចំណូលសរុបចំនួន ២០.០១៧.៨៣៥.១២៥រៀល ស្មើនឹងជាង ៥.00៤.៤៥៩ដុល្លារ ៕