ដាក់តែតង់១ មីកំប៉ុង១កេស ជិះម៉ូតូទៅដេកក្នុងព្រៃក្បែរជើងភ្នំ ស្ដាប់សំឡេងទឹកហូរ ស្ដាប់សត្វយំល្វើយៗ
ដំណើរកម្សាន្តគឺជាល្បោយបន្ថែមឱ្យជីវិតកាន់តែស្រស់ស្រាយ បន្ទាប់ហត់នឿយរឿងរ៉ាវជាច្រើនចូលមកក្នុងជីវិត ។ ដំណើរកម្សាន្តសប្បាយពេលខ្លះមិនចាំបាច់ទាល់តែរៀបផែនការច្បាស់ មិនចាំបាច់ទាល់តែមានលុយច្រើន គ្រាន់តែធ្វើរឿងសាមញ្ញងាយៗ អ្នកក៏អាចរីករាយដោយអស់ពីចិត្ត ។ ពេលដើរលេងរាល់ដងអ្នកតែងគិតថា បានអីជិះ មានឡានតែមួយជិះគ្នាម្ដេចនឹងគ្រប់ និងគិតរឿងស្មុគ្រស្មាញជាច្រើនរហូតមិនដែបានបានស្គាល់រសជាតិដើរលេងសោះ ។ ចុះអ្នកធ្លាប់គិតទេថា ម៉ូតូរបស់អ្នកជាមិត្តដ៏ល្អអាចនាំអ្នកទៅគ្រប់ទីកន្លែងបាន?
ជាការពិតណាស់ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរដែលមិនគួរមើលរំលង ពេលខ្លះវាមិនត្រជាក់ដូចឡានទេ តែអ្នកចង់ទៅណាក៏បាន ស្ថានភាពផ្លូវបែបណាក៏ស៊ូបាន ។ ជាក់ស្ដែងថ្មីៗនេះយុវជនមួយក្រុមបាននាំគ្នាជិះម៉ូតូចូលព្រៃ បោះតង់គេងស្ដាប់សំឡេងទឹកហូរ ស្ដាប់សំឡេងសត្វយំ នៅក្បែរជើងភ្នំឱរ៉ាល់ពិតជាសប្បាយរីករាយមិនអាចបំភ្លេចបាន ។
បើតាម Admin ទំព័រហ្វេសប៊ុក ដើរលេង-Derleng បានប្រាប់មកកាន់ប្រជាប្រិយថា រូបគេបានជិះម៉ូតូធ្វើដំណើរកម្សាន្តទៅកាន់ជើងភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយចំណាយពេលពីភ្នំពេញទៅដល់ទីនោះប្រមាណ ៣ម៉ោង ។ នៅទីនោះមានទេសភាពដ៏ស្រស់បំព្រងបែបធម្មជាតិ១០០% មិនសូវមានមនុស្សទៅដល់ប៉ុន្មានឡើយ ដោយត្រូវជិះម៉ូតូពីផ្លូវលំទៅប្រហែលតែ ២០នាទីនឹងទៅដល់ ។ យុវជនរូបនេះប្រាប់ទៀតថា នៅទីនោះពិតជាស្រស់ស្អាតមែន មានទឹកអូរហូរចេញពីភ្នំឱរ៉ាល់ មានទឹកថ្លាចឈ្វេង ហ៊ុមព័ទ្ធជុំវិញជើងភ្នំ មានព្រៃព្រឹក្សាដ៏ស្រស់បំព្រង ។ យប់ឡើងអាចដុតភ្លើងអង្គុយជុំគ្នានិយាយពីរឿងរ៉ាវក្នុងជីវិតបានស្បើយអស់នូវរាល់ទុក្ខកង្វល់ ។
ដោយសារតែស្ថិតនៅឆ្ងាយពីភូមិស្រុករបស់ប្រជាជន នៅកណ្ដាលព្រៃប្រឹក្សាបែបនេះ មិនមានកន្លែងណាលក់អាហារ ភេសជ្ជៈអ្វីឡើយ ។ ដូច្នេះហើយប្រសិនបើចង់ធ្វើដំណើរកម្សាន្តបែបផ្សងព្រេងបែបនេះកុំភ្លេចទិញ ឬវេចខ្ចប់អាហារទុកជាមុនឱ្យហើយ ។ មានអីចង់សួរបន្ថែមសូមទាក់ទងទៅកាន់លេខទូរសព្ទ៖ ០១២ ៣៧៨ ១៥៤
រូបភាពផ្ដល់សិទ្ធិដោយ៖ ដើរលេង-Derleng