គេអាចធ្វើឱ្យអ្នកឈឺ តែបើឈឺត្រូវចេះក្រោក ចេះស្រឡាញ់ខ្លួនឯងវិញ ១ វិនាទីនៃជីវិតអ្នកមានតម្លៃណាស់
នៅលើលោកនេះគ្មានអ្វីដែលអាចបំពេញចិត្តយើងគ្រប់បែបយ៉ាង រឿងខ្លះទោះបីជាអ្នកព្យាយាមគ្រប់បែបយ៉ាងក៏វាមិនអាចទៅរួច មិនអាចកែប្រែការពិតឱ្យមកតាមបំណងដែលអ្នកចង់បានឡើយ ។ ដូចជារឿងស្នេហាអ្នកមិនអាចបង្ខំនរណាម្នាក់ឱ្យមកស្រឡាញ់អ្នកបានឡើយ ទោះបីទំហំនៃក្ដីស្រឡាញ់របស់អ្នកមានចំពោះគេរាប់ពាន់ រាប់លាន ក៏មិនអាចទៅដោះដូរនឹងក្ដីស្រឡាញ់ពីមនុស្សដែលគេគ្មានចេតនានឹងរួមដំណើរក្នុងជីវិតជាមួយអ្នក ។
អ្នកមិនបាច់បន្ទោសខ្លួនឯង មិនបាច់ស្ដាយក្រោយនៅអ្វីដែលអ្នកធ្លាប់បានលះបង់ចំពោះគេឡើយ ព្រោះបេះដូង ព្រោះមនោសញ្ចេតនាដែលជាធម្មជាតិរបស់មនុស្សមិនអាចប្រកែកបានទេ នៅពេលបានជួបនរណាម្នាក់ដែលគេម្នាក់នោះបានឆក់យកបេះដូងរបស់អ្នក ។ កន្លងមកអ្នកបានធ្វើទៅតាមបេះដូង ធ្វើទៅតាមអារម្មណ៍ដែលវាទាមទារ ហើយវាជាក្ដីសុខមួយដែលអ្នកបានធ្វើទៅតាមបេះដូងខ្លួនឯង ។ តែទោះបីជាយ៉ាងណាអ្នកត្រូវគិតថា តើក្ដីស្រឡាញ់ដែលកើតចេញតែម្ខាង ព្យាយាមតែម្ខាង តើវាអាចទៅរួចទេ? តើអ្នកគួរចំណាយពេលវេលា ទឹកចិត្ត លើគេម្នាក់នោះតទៅទៀតទេ? តាមពិតទៅអ្នកបានដឹងច្បាស់រួចទៅហើយថាវាមិនគួរ តែព្រោះវាភាពមិនអាចគ្រប់គ្រង មិនមានម្ចាស់ការលើខ្លួនឯងគ្រប់គ្រាន់ ទើបអ្នកតែងព្យាយាមធ្វើទាំងមិនរំពឹងបានក្ដីស្រឡាញ់មួយពីគេ ។
កន្លងទៅរាប់ថ្ងៃរាប់ខែ និងក្នុងរយៈពេល ២៤ម៉ោងក្នុង១ថ្ងៃ តើអ្នកបានលះបង់ការគិតលើគេប៉ុណ្ណា? ព្យាយាមធ្វើអ្វីៗដើម្បីគេច្រើនប៉ុណ្ណា? ដល់ពេលហើយដែលអ្នកត្រូវទទួលស្គាល់ការពិតថាគេមិនអាចស្រឡាញ់អ្នក ហើយមិនបាច់ចង់យល់ ចង់ដឹងថាហេតុអ្វីបានជាគេមិនអាចស្រឡាញ់ ព្រោះទោះមាន ១០០០ហេតុផលទៀត ក៏ការពិតគេនៅតែមិនអាចស្រឡាញ់ដដែល។
ឈឺចាប់មែនទេ? ចង់យំមែនទេ? អាណិតបេះដូងខ្លួនឯងមែនទេ? បើឈឺខ្លាំងចង់យំក៏យំចុះ យំឱ្យអស់នូវភាពឈឺចាប់ ហើយចាប់ពីស្អែកទៅត្រូវរឹងប៉ឹង ក្រោកឈរបន្តទៅមុខទៀត ។ អ្នកត្រូវចាំថាគេគ្រាន់តែជាមនុស្សម្នាក់ ដែលអ្នកបានស្រឡាញ់គេ មិនទាន់បានជាអ្វីនឹងគ្នា ហើយអ្វីៗដែលអ្នកធ្លាប់បានលះបង់កន្លងទៅចាត់ទុកថាជាមេរៀនមួយ មកបង្រៀនយើងថា ត្រូវស្រឡាញ់នរណាម្នាក់ដែលគេម្នាក់នោះក៏ស្រឡាញ់អ្នកទើបមិនឈឺចាប់ ។ អ្នកត្រូវរកវិធីបំភ្លេចស្នាមអនុស្សាទាំងឡាយដែលធ្លាប់កើតឡើង ហើយងាកមកធ្វើរឿងសំខាន់ៗក្នុងជីវិត និងបង្ហាញឱ្យគេម្នាក់នោះឃើញថា អ្នកមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការបន្តដំណើរក្នុងជីវិតនេះទៅមុខទៀត ឆ្ពោះទៅរកជីវិតជោគជ័យដ៏ត្រចៈត្រចង់ ។
មិនបាច់ស្អប់គេ ហើយក៏មិនបាច់ស្អប់ខ្លួនឯង ព្រោះនៅលើលោកនេះមិនមែនមានតែអ្នកទេ ដែលធ្លាប់ជួបបទពិសោធដ៏ឈឺចាប់បែបនេះ ។ ត្រូវចាត់ទុកថា ភាពឈឺចាប់ដែលអ្នកបានជួបពេលនេះ ទេវតាគ្រាន់តែចង់ពិសោធអ្នកថា តើអ្នកជាមនុស្សរឹងមាំប៉ុណ្ណានៅក្នុងការប្រឈមបញ្ហាផ្សេងៗទៀតដែលកើតឡើងមិនចេះចប់ក្នុងជីវិតមនុស្សម្នាក់ៗ ៕