កុំខកខានឱ្យសោះ! មហោស្រពគីហ្សូណានៅ CJCC ឆ្នាំនេះ មានការចូលរួមពីក្រុមរាំ Breakdance លំដាប់ពិភពលោក កាន់តែសប្បាយខ្លាំង
មហោស្រពគីហ្សូណាឆ្នាំ២០២០ បានវិលត្រឡប់មកសារជាថ្មីម្ដងទៀតហើយ កាន់តែសប្បាយ កាន់តែប្លែកជាងឆ្នាំមុន ដោយមានការចូលរួមសម្ដែងក្បាច់រាំកំពូលពីក្រុមរាំ Breakdance ល្បីលំដាប់ពិភពលោកមកពីប្រទេសជប៉ុន គឺ “MORTAL COMBAT” ។
មហោស្រពគីហ្សូណាត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្រោមកិច្ចសហការរវាង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC), ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងយ៉ាងពិសេស និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសិស្ស និស្សិត ក៏ដូចជាមហាជនទូទៅ ។ ជាកម្មវិធីប្រជុំដោយការបង្ហាញនូវប្រពៃណី វប្បធម៌ដ៏សម្បូរបែបទាំងកម្ពុជា និងជប៉ុន ។
កាន់តែពិសេសនៅក្នុងឆ្នាំនេះ នឹងមានការចូលរួមពីក្រុមរាំ Breakdance លំដាប់ពិភពលោក ដែលនឹងធ្វើការសម្ដែងនូវក្បាច់រាំកំពូលមួយក្នុងចំណោមក្បាច់រាំកំពូលៗនៅប្រទេសជប៉ុន ។ Breakdance ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលថ្មីៗនេះ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតគឺក្បាច់រាំនេះត្រូវបានបញ្ចូលជាកីឡាមួយប្រភេទដែលដាក់ឱ្យចូលរួមប្រកួតក្នុងកីឡាអូឡាំពិកនៅឆ្នាំ ២០២៤ ខាងមុខនេះ ។
ក្រៅពីការសម្ដែងក្បាច់រាំតាមដងផ្លូវដ៏អស្ចារ្យពី ក្រុមរាំ Breakdance ពីសំណាក់ “MORTAL COMBAT” ហើយនោះ ក៏នឹងមានការចូលរួមពីសិល្បៈកររ៉េបពីររូបទៀតមកពីប្រទេសកម្ពុជាដែលមានប្រភពមកពីអង្គការ Tiny Toonse ជាសាលបង្រៀនក្បាច់រាំ Breakdance នៅកម្ពុជា ។ ក្នុងនោះនឹងមានការសម្ដែងយ៉ាងពិសេសដែលរ៉េបដោយកញ្ញា សាំង សុខសេរី និងវ៉ូច ប៊ីត ។
មហោស្រពគីហ្សូណាឆ្នាំនេះត្រូវប្រារព្ធឡើងក្រោមប្រធានបទ «អនុភាពកីឡា» ដែលស្របពេលជាមួយគ្នាទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ ២០២០ ។ ដូច្នេះនឹងមានការរៀបចំព្រឹត្តិការណ៍កីឡាប្លែកៗ ពិសេសៗជាច្រើនផងដែរ ។
ដូច្នេះសូមបងប្អូន សិស្ស និស្សិត អញ្ជើញចូលរួមឱ្យបានច្រើនកុះករនៅក្នុងព្រឹត្តិការណ៍ «មហោស្រពគីហ្សូណា» ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ រហូតដល់ថ្ងៃទី ២៣ ខែកុម្ភៈ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ៕