កុំចំណាយពេល ទឹកចិត្ត រាប់អានមនុស្ស ៤ប្រភេទនេះ បើមិនចង់ជួបរឿងស្ដាយក្រោយ
មនុស្សដែលអ្នកបានជួប បានស្គាល់ មិនមែនសុទ្ធតែអាចក្លាយជាកល្យាណមិត្ត ដែលអ្នកគួរចំណាយពេល និងទឹកចិត្តសម្រាប់ពួកគេនោះទេ ។ ការបង្កើតចំណងមិត្តភាពមួយបានយូរអង្វែងលុះត្រាតែម្នាក់នោះ មាននិស្ស័យ អត្តចរិត ស្រដៀងអ្នក ឬមួយគេម្នាក់នោះមានអ្វីដែលអ្នកគួរតែធ្វើមិត្តជាមួយគេ ។ អ្នកខ្លះទៀតអ្នកអាចបានត្រឹមស្គាល់ តែបើអ្នកដាក់ចិត្តសេពគប់គេ អ្នកនឹងស្ដាយក្រោយ ។ បុគ្គលដែលអ្នកនឹងស្ដាយក្រោយពេលជ្រុលចិត្តលើគេមានដូចជា៖
១. មនុស្សដែលគ្រាន់តែត្រូវការអ្នកដើម្បីកំដរក្នុងពេលដែលឯកា
គេចូលមកក្នុងជីវិតអ្នកគ្រាន់តែបណ្ដោះអាសន្ន គេមិនដែលនឹងភ័យខ្លាចនឹងការបាត់បង់អ្នក ។ កន្លងទៅការដែលគេទាក់ទងអ្នក ធ្វើជាស្និទ្ធនឹងអ្នក គឺគ្រាន់តែកំដរការអផ្សុករបស់គេ ។ គេចាត់ទុកអ្នកដូចជាឧបករណ៍បញ្ជាចង់លេងក៏លេងចង់ឈប់ក៏ឈប់ ។ សួរថាតើអ្នកដែលមានតម្លៃក្នុងកែវភ្នែកគេទេ? បើដឹងច្បាស់គេមានចេតនាបែបនេះហើយ តើអ្នកនៅបន្តទោះដឹងថាត្រូវអស់តម្លៃមែនទេ? កុំយកមនោសញ្ចេតនាដ៏ល្អ បេះដូងដ៏ស្រស់ស្អាតរបស់អ្នកលះបង់ចំពោះមនុស្សបែបនេះទៀត ។
២. មនុស្សដែលមិនព្យាយាមរក្សាទំនាក់ទំនងនឹងអ្នកមិនខ្លាចនឹងបាត់បង់អ្នក
ចំណុចនេះមិនមែនសំដៅថាចង់ឱ្យគេផ្ដល់ភាពសំខាន់ដល់អ្នកដូចជាគូស្នេហ៍របស់គេទេ ប៉ុន្តែមានន័យថាសូមឱ្យចេះរក្សាមនុស្សល្អដូចជាអ្នកផង ។ មនុស្សប្រភេទនេះមិនដែលទុកមិត្តភាពរវាងអ្នក និងគេជារឿងសំខាន់នោះទេ ព្រោះគេមានមិត្តភក្ដិជាច្រើនទៀត មិនដែលខ្វល់ខ្វាយនឹងសុខទុក្ខអ្នក មិនដែលអើពើ មិនព្យាយាមធ្វើឱ្យមិត្តភាពមួយយូរអង្វែង ។ និយាយឱ្យចំគេគ្មានចេតនានឹងសេពគប់អ្នកទេ ដូច្នេះក៏គួរដល់ពេលដែលអ្នកយកពេលវេលាដ៏មានតម្លៃផ្ដល់ឱ្យអ្នកដែលគេខ្លាចនឹងបាត់បង់អ្នកល្អជាង ។
៣. ស្គាល់អ្នកនៅពេលមនុស្សដែលគេជឿទុកចិត្តធ្វើឱ្យគេខកបំណង
សួរថាកន្លងទៅជាច្រើនថ្ងៃ ច្រើនខែអ្នកដែលបានទទួលសារពីគេបបួលទៅដើរលេង ទៅញ៉ាំអី ទៅមើលកុនដែរទេ? កន្លងទៅអ្វីដែលអ្នកតែងឃើញ គឺគេរីករាយជាមួយមនុស្សដែលគេស្រឡាញ់ មនុស្សដែលគេស្និទ្ធប៉ុណ្ណោះ ។ ចុះហេតុអីពេលនេះទើបនឹកឃើញមករកអ្នក នឹកឃើញឈ្មោះអ្នក? អ្នកគ្មានហេតុផលអីដែលត្រូវធ្វើជាជម្រើសគេនោះទេ អ្នកក៏មានតម្លៃរបស់អ្នក អ្នកក៏មានបេះដូង មានភ្នែក ឃើញពីទង្វើរបស់គេយ៉ាងច្បាស់ ។ បើថ្ងៃក្រោយគេត្រូវគ្នាវិញ នោះគេនឹងបោះបង់ចោលអ្នកម្ដងទៀត ។
៤. តែងឆ្លើយតបមកអ្នកនៅពេលគេអស់ជម្រើស
ការឆ្លើយតបនេះ សំដៅទាំងការឆ្លើយសាររបសអ្នក ឆ្លើយតបការណាត់របស់អ្នក និងយល់ព្រមជាមួយអ្នក លុះត្រាតែមនុស្សសំខាន់ៗរបស់គេបដិសេធគេ ។ អ្នកជាមនុស្សចុងក្រោយដែលគេជ្រើសរើសក៏ព្រោះតែអ្នកតែងអូខេគ្រប់យ៉ាងជាមួយគេ ។ ក៏ព្រោះតែចង់រក្សាគេក្នុងជីវិតអ្នកក៏តែងធ្វើល្ងង់ ធ្វើភ្លើ តែឥឡូវវាគួរតែដល់ពេលហើយ ដល់ពេលដែលចេះបដិសេធគេ ដល់ពេលដែលត្រូវបង្ហាញថាទោះគ្មានគេក៏អ្នកអាចរស់បាន អាចរីករាយបានដែរ គេមិនមែនអស្ចារ្យតែឯងទេ ៕