ប្រុសៗប្រាក់ខែ ៥០០ដុល្លារបើរកប្រពន្ធ រកអ្នកមានផ្ទះនៅ មានប្រាក់ខែដូចគ្នា ពឹងតែម្នាក់ជួលផ្ទះគេនៅប្រយ័ត្នទឹកភ្នែក
ប្រាក់ខែលើសពី ៥០០ដុល្លារ ជាកម្រិតប្រាក់ចំណូលមធ្យមសម្រាប់ប្រទេសកម្ពុជា ។ នៅពេលដែលវ័យកាន់តែច្រើនត្រឹម ២៥ឆ្នាំ ឬ២៦ឆ្នាំ មានប្រាក់ចំណូលប៉ុននេះប្រុសៗមួយចំនួនបានគិតគូររៀបការបង្កើតគ្រួសារមួយ ។ ចុះអ្នកបានវិភាគពីស្ថានភាពតាមបែបអ្នកជំនាញដែរឬទេ?
បើតាមលោកបណ្ឌិត គីម ហ៊ាង ស្ថាបនិកក្រុមហ៊ុន Khmer Real Estate បានបង្ហាញពីជម្រើសដូចដូចខាងក្រោម៖
១. ប្រសិនបើខាងប្រុស និងខាងស្រី មានជីវភាពមធ្យមដូចគ្នា មានផ្ទះរស់នៅដូចគ្នា និងមានប្រាក់ចំណូលប្រហាក់ប្រហែលគ្នា និងដល់វ័យមួយគួរតែរៀបការ គឺមិនមានអ្វីដែលជាបញ្ហាទេ ព្រោះការហើយមានផ្ទះនៅស្រាប់ ។ ប្រាក់ខែម្នាក់ៗអាចសន្សំទិញអចលនទ្រព្យ ឬមួយសន្សំទុកវិនិយោគបាន ។
២. ប្រសិនបើខាងប្រុសវ័យត្រឹម ២៥ឆ្នាំ និងមានប្រាក់ខែលើសពី ៥០០ដុល្លារ តែខាងស្រីមិនសូវជាធូរធារប៉ុន្មាន ខាងខ្លួនឯងក៏មិនសូវធូរធារការហើយនាំគ្នានៅផ្ទះជួលដដែល លោកបណ្ឌិតគីម ហ៊ាង ថា តើប្រញាប់ការទៅណា? ព្រោះវ័យក៏នៅក្មេងឯលទ្ធភាពក៏នៅមានកម្រិត គួរតែប្រើពេលពីរបីឆ្នាំទៀតធ្វើអីផ្សេង ចាំរៀបការអាយុ ២៩ ឬ ៣០ក៏មិនយឺតពេលដែរ ។
រូបតំណាង
ជាយោបល់ប្រសិនបើមានប្រាក់ចំណូលមធ្យម និងទាន់មានឱកាស មានខ្លួនតែ១ លោកឧកញ៉ា គីម ហ៊ាង ថាគួរតែប្រហុយរកស៊ី ប្រយុទ្ធឱ្យអស់ចិត្ត ព្រោះខ្លួនតែមួយទោះបរាជ័យក៏មិនភ័យដែរ មិនខ្វល់ប្រពន្ធកូនដាច់បាយ ។ បើរៀបការហើយទើបចេញប្រយុទ្ធវានឹងប្រឈមហានិភ័យច្រើនជាងម្នាក់ឯង ព្រោះយើងមានមនុស្សដែលយើងត្រូវរ៉ាប់រង ។ ដូច្នេះហើយក្នុងអំឡុងវ័យ ២៥ឆ្នាំនេះ គឺជាវ័យមួយដែលគួរតែរៀនសាកល្បងធ្វើអ្វីដែលគិតថាជាឱកាស បើចង់រកស៊ី ចង់ចូលដើមទុន គួរតែធ្វើពេលខ្លួនមួយនេះហើយ ៕