មកស្គាល់សាកលវិទ្យាល័យល្បីៗបំផុតនៅក្រៅប្រទេស ដែលមានបង្រៀនភាសាខ្មែរ
ក្រៅពីការសិក្សានៅក្នុងប្រទេសដែលមានរួមបញ្ជូលការសិក្សាភាសាខ្មែរតាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរនៅសាកលវិទ្យាល័យ ភាសាខ្មែរមិនសូវជាមានការចាប់អារម្មណ៍សិក្សាច្រើនប៉ុន្មានទេសម្រាប់ជនបរទេសដែលរស់នៅបណ្តាប្រទេសផ្សេងៗ ព្រោះមិនមែនជាភាសាចាំបាច់សម្រាប់ពិភពលោក ។
យ៉ាងណាមិញ នៅតាមបណ្តាសាកលវិទ្យាល័យធំៗមួយចំនួននៅបរទេសខាងក្រោមនេះក៏មានបញ្ជូលមុខវិជ្ជាភាសាខ្មែរសម្រាប់សិស្សដែលចង់សិក្សាពីខ្មែរ វប្បធម៌ អក្សរសាស្រ្ត និងអក្សរសិល្ប៍ខ្មែរផងដែរ ។
១. Berkeley University of California៖ ជាសាកលវិទ្យាល័យស្រាវជ្រាវសាធារណៈមួយដែលស្ថិតនៅរដ្ឋ California សហរដ្ឋអាមេរិក បានបង្កើតឡើងតាំងពីឆ្នាំ ១៨៦៨មកម្ល៉េះ ។ សាកលវិទ្យាល័យនេះមានដេប៉ាតឺម៉ង់ភាសាខ្មែរ ដែលបង្រៀនចាប់ពីថ្នាក់ដំបូងនៃការរៀនព្យញ្ជនៈ ស្រះខ្មែរ រហូតដល់សិក្សាអត្ថបទមានទាំងប្រវត្តិសាស្រ្ត អក្សរសាស្រ្តជាដើម ។
២. Yale University៖ នៅក្នុងសាកលវិទ្យាល័យនេះមាន ក្រុមប្រឹក្សាទៅលើការសិក្សាពីអាស៊ីអាគ្នេយ៍ដែលក្នុងនោះក៏មានការសិក្សាពីភាសាខ្មែរ វប្បធម៌ អរិយធម៌ខ្មែរផងដែរ ។ សាកលវិទ្យាល័យនេះបានបង្កើតឡើងតាំងពីឆ្នាំ ១៧០១ នៅក្នុងសហរដ្ឋអាមេរិក ។
៣. University of Hawaii៖ សាកលវិទ្យាល័យនេះក៏ស្ថិតនៅក្នុងសហរដ្ឋអាមេរិកនៅលើកោះហាវ៉ៃផ្ទាល់តែម្តង ។ ក្នុងនោះដែរក៏មានជំនាញភាសាខ្មែរ តាំងពីកម្រិតដំបូង ដល់កម្រិតខ្ពស់ទៅកាន់និស្សិតបរទេសជាពិសេសជនជាតិអាមេរិកផ្ទាល់ ។
៤. Tokyo University of Foreign Studies៖ ស្ថិតក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ដែលសាកលវិទ្យាល័យនេះមានបង្រៀនភាសាប្រមាណជា២៧ភាសាផ្សេងៗគ្នាទៅកាន់និស្សិតជប៉ុន ដែលក្នុងនោះក៏មានដេប៉ាតឺម៉ង់ភាសាខ្មែរដែរ ។ និស្សិតជប៉ុននឹងរៀនភាសាខ្មែរកម្រិតបរិញ្ញាបត្រដែលមានរយៈពេល៤ឆ្នាំពេញ ។
៥. Tianjin Foreign Studies University៖ សាកលវិទ្យាល័យនេះស្ថិតក្នុងប្រទេសចិនដែលជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យមួយចំនួនដែលមានបង្រៀនភាសាខ្មែរទៅកាន់និស្សិតចិន ។ យ៉ាងណាមិញដេប៉ាតឺម៉ង់ភាសាខ្មែរទើបតែបង្កើតឡើងបានប្រមាណជា៣ ឆ្នាំប៉ុណ្ណោះ ដែលឆ្នាំដំបូងមានសិស្សរៀនភាសាខ្មែរតែ៩នាក់ រហូតមានការកើនឡើងជាបន្តបន្ទាប់ ។
៦. SOAS University of London៖ សាកលវិទ្យាល័យស្ថិតក្នុងចក្រភពអង់គ្លេសមួយនេះក៏មានថ្នាក់បង្រៀនភាសាខ្មែរផងដែរ នៅក្នុង សាលាភាសា វប្បធម៌និងភាសាវិទ្យា ដែលថ្នាក់ភាសាខ្មែរមានចំនួន ៤ម៉ោងក្នុងមួយសប្តាហ៍ និងក្នុងមួយវគ្គមាន១០ សប្តាហ៍នៃការសិក្សាភាសា ។
៧. Chulalongkorn University៖ ជាសាកលវិទ្យាល័យដែលល្បីឈ្មោះមួយនៅក្នុងប្រទេសថៃ ។ ទោះបីជាគ្មានថ្នាក់បង្រៀនភាសាខ្មែរផ្ទាល់តែសាកលវិទ្យាល័យនេះ មានសេវាកម្មបកប្រែភាសាខ្មែរសម្រាប់តម្រូវការនៅក្នុងសង្គមផ្ទាល់ ក្នុងចំណោមភាសាដែលបានបកប្រែត្រឹមតែ ១៣ ភាសាប៉ុណ្ណោះ ៕