ហេតុអ្វីបុគ្គលគ្រប់រូបត្រូវរៀនសូត្រពេញមួយជីវិត ? មានលុយច្រើនហើយចាំបាច់រៀនធ្វើអីទៀត?
ច្បាប់៥ម៉ោងក្នុង១សប្តាហ៍៖ ប្រសិនបើអ្នកមិនចំណាយពេលយ៉ាងតិច ៥ម៉ោងក្នុង ១សប្តាហ៍ដើម្បីរៀនសូត្រ អ្នកនឹងក្លាយជាមនុស្សគ្មានទំនួលខុសត្រូវ ។
តើអ្នកមានធ្លាប់ដឹងទេថាហេតុអ្វីបានជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama ចំណាយពេល ១ម៉ោងអានសៀវភៅនៅក្នុងការិយាល័យជារៀងរាល់ថ្ងៃ ? និង ហេតុអ្វីបានជាមហាសេដ្ឋីពិភពលោក Bill Gates អានសៀវភៅរាល់ថ្ងៃកំឡុងពេលបំពេញការងាររបស់លោក ?
ក្រៅពីនោះនៅមានបុគ្គលល្បីៗជាច្រើនទៀតដែលបានចំណាយពេលដ៏មមាញឹករបស់ពួកគាត់មករៀនសូត្របន្ថែមតាមរយៈការអានសៀវភៅ ទោះបីជាពួកគេមានលុយចាយមិនអស់ទៅហើយ ។
ចម្លើយដ៏ងាយស្រួលគឺពួកគេមើលឃើញការសិក្សាគឺជាការវិនិយោគដ៏មានប្រសិទ្ធិភាពបំផុត ដែលពួកយើងត្រូវចំណាយពេលទៅឱ្យវា ។ លោក Benjamin Franklin បានលើកឡើងថា “ការវិនិយោគជាមួយចំណេះដឹងផ្តល់ឱ្យយើងវិញនូវអត្រាការប្រាក់ល្អបំផុត” ។
គួរឱ្យដឹងដែរថា យើងបានចំណាយពេលរបស់យើងជារៀងរាល់ថ្ងៃ ក្នុងការរកប្រាក់ ចាយប្រាក់ និង ការខាតបង់ផ្សេងៗ ហើយតែងតែបារម្ភពីលុយ ។ ហើយនៅពេលយើងនិយាយថាយើងគ្មានពេលរៀនក៏ដោយសារតែយើង ជាប់រវល់ជាមួយការរកលុយនោះឯង ។
ការពិតទៅការបន្តរៀនសូត្រពិតជាមានសារៈសំខាន់ណាស់ ។ ឧទាហណ៍ដូចជា អ្នកកំពុងមានមុខរបរមួយដែលល្បីល្បាញក្នុងកំឡុងពេលមួយ ហើយរកចំណួលបានយ៉ាងច្រើន ប៉ុន្តែអ្នកភ្លេចគិតថា បច្ចេកវិទ្យារីកចម្រើនជានិច្ច ហើយការដែលនណាម្នាក់អាចរកឃើញអ្វីថ្មី វាក៏អាចនឹងប៉ះពាល់ដល់ការរកស៊ីរបស់អ្នកជាមិនខាន ។
លើសពីនោះទៅទៀតនៅក្នុងការងារមួយប្រសិនបើអ្នកគ្មានការរីកចម្រើនលើចំណេះដឹងណាមួយដែលលេចធ្លោរជាងគេអ្នកក៏ពុំអាចឡើងតំណែងបានដែរ ។ ត្រូវចាំថា មានការរៀនសូត្រ ទើបមានការអភិវឌ្ឍន៍ ៕
ប្រភព៖ Accelerated Intelligence