វិធានការណ៍បង្ការការចម្លងវីរុស កូរ៉ូណាមាន ១១ ចំណុច ចូរចងចាំ និងចែករំលែកប្រាប់បងប្អូនឱ្យបានដឹងផង
បន្ទាប់ពីបានរកឃើញជនជាតិចិនម្នាក់ ដែលមានអាយុ ៦០ ឆ្នាំ មានឆ្លងវីរុស កូរ៉ូណា ប្រភេទថ្មី នៅខេត្តព្រះសីហនុ កាលពីព្រឹក ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ជាប្រធានក្រុមការងារចុះជួយខេត្ត ព្រះសីហនុ, ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញត្រួតពិនិត្យផ្សព្វផ្សាយដល់មន្ទីរអង្គភាពទាំងអស់ក្នុងខេត្ត ពីវិធានការណ៍បង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មី។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការផ្សព្វផ្សាយវិធានការណ៍ បង្ការការចម្លងវីរុស កូរ៉ូណាប្រភេទថ្មី ដែលមាន ១១ ចំណុចដូចជា៖
១. ជៀសវាងធ្វើដំណើរ ឬផ្អាកប្រសិនមានគ្រុនក្តៅ និងក្អក ។
២. ប្រសិនមានគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកដល់គ្រូពេទ្យ។
៣. ជៀសវាងការប៉ះពាល់ជាមួយអ្នកដែលមានគ្រុនក្តៅ និងក្អក ។
៤. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាកុលហ្សែល និងជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥. នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះអ្នក ដោយប្រើកែងដៃ ឬក្រដាស រួចបោះ ចោលក្នុងធុងសំរាមភ្លាម និងលាងដៃរបស់អ្នក។
៦. ប្រសិនអ្នកពាក់ម៉ាស់ ត្រូវប្រាកដថា ពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែជៀសវាងការប៉ះម៉ាសផ្ទៃខាងក្រៅ នៅពេលកំពុងពាក់នឹងពេលដោះ។
៧. ត្រូវដោះចោលភ្លាម នូវម៉ាស់ដែលបានប្រើរួច និងលាងដៃអោយស្អាតបន្ទាប់ពីដោះម៉ាស់ ។
៨. បើសិនអ្នកចាប់ផ្ដើមឈឺ ពេលកំពុងធ្វើដំណើរត្រូវប្រាប់អ្នកបម្រើលើយន្តហោះ និងស្វែងរកការព្យាបាលឱ្យបានឆាប់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់ក្រុមគ្រូពេទ្យ ។
៩. បរិភោគតែអាហារណាដែលឆ្អិនល្អ ។
១០. មិនត្រូវខាកស្ដោះនៅទីផ្សារសាធារណៈ ។
១១. ជៀសវាងការប៉ះពាល់ និងធ្វើដំណើរជាមួយសត្វដែលឈឺ ។ ហើយវិធានការទាំងនេះ ជួយឱ្យយើងចាកផុត ពីការឆ្លងវីរុស កូរ៉ូណា បានដោយជោជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ និង បំពាក់ម៉ាស៊ីនវាស់កំដៅ នៅតាមព្រលានយន្តហោះអន្តរជាតិ និងច្រកអន្តរជាតិមួយចំនួនទៀត ព្រមទាំង បំពាក់បរិក្ខារ និងរថយន្តសង្គ្រោះនៅតាមចំណុចគោលដៅ។ ថ្វីត្បិតតែកម្ពុជាមិនទាន់មានឧបករណ៍ទំនើប ក៏ប៉ុន្តែយើងបានបំពេញការងារ ដោយការទទួលខុសត្រូវ ខ្ពស់ក្នុងការទប់ស្កាត់ការរីករាល នៃជំងឺផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ៕