អ្នកជិះយន្តហោះជាង ៧០នាក់ ដែលធ្វើដំណើរមកពីវ៉ូហាននោះ កំពុងមានវត្តមាននៅខេត្ត ២នេះ
ថ្លែងប្រាប់អ្នកសារព័ត៌មានលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា អ្នករួមដំណើរទាំងជាង ៧០នាក់ និងអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយជនជាតិចិនដែលផ្ទុកវីរុសកូរ៉ូណានោះ ពេលនេះពួកគេខ្លះកំពុងស្ថិតនៅក្នុងខេត្តបាត់ដំបង និងអ្នកខ្លះទៀតកំពុងស្ថិតនៅក្នុងខេត្តសៀមរាបជាដើម ។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតពួកគេទាំងនោះ មិនមានរោគសញ្ញាគួរឱ្យសង្ស័យពាកព័ន្ធនឹងវីរុសកូរ៉ូណាឡើយ បើយោងទៅតាមការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញ ។
ដោយឡែកបើយោងទៅតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះជនជាតិចិនមកពីក្រុងវ៉ូហានជាង ៣ពាន់នាក់ពិតជាកំពុងស្នាក់នៅប្រទេសកម្ពុជាមែន ។ ពួកគេទាំងនោះទំនងជាអ្នកទេសចរ និងកំពុងធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ។ យ៉ាងណាក្ដីកម្ពុជាមិនអាចបញ្ជូនពួកគេទៅកាន់ប្រទេសចិនវិញបានឡើយ ព្រោះចិនខ្លួនឯងបានបិទជើងហោះហើរទាំងស្រុងទៅហើយ ៕