បញ្ជីឈ្មោះអ្នកជិះយន្តហោះជាមួយអ្នកផ្ទុកវីរុសកូរ៉ូណា ទាំង ៧៩នាក់ ដែលកម្ពុជាកំពុងស្វែងរកជាបន្ទាន់
យោងតាមសារព័ត៌មាន CNE (Cambodian News English) បានបង្ហាញបញ្ជីឈ្មោះអ្នកជិះយន្តហោះ ជាមួយជនជាតិចិនម្នាក់ ដែលរកឃើញមានផ្ទុកវីរុសកូរ៉ូណា ។ បច្ចុប្បន្ននេះអ្នកដំណើរទាំងនោះកំពុងមានវត្តមាននៅកម្ពុជា ។ តាមសារព័ត៌មាននេះដដែលបញ្ជាក់ថា ក្នុងចំណោមអ្នកដំណើរទាំង៧៩នាក់នោះ មាន២១នាក់ ជាអ្នកទេសចរ ដែលធ្វើដំណើរជាក្រុមជាមួយគ្នា និង ៥៨នាក់ ធ្វើដំណើរបែបឯកជន ។
ដោយឡែកបើតាមសារព័ត៌មានថ្មីៗ បានចុះផ្សាយនៅមុននេះបន្តិចបានបញ្ជាក់ថា អាជ្ញាធរកម្ពុជាកំពុងធ្វើការស្រាវជ្រាវរកអ្នកជិះយន្តហោះជាមួយអ្នកផ្ទុកជំងឺកូរ៉ូណានោះ ដើម្បីយកមកពិនិត្យបញ្ជាក់ឱ្យច្បាស់ថាតើអាចមានផ្ទុកវីរុសកូរ៉ូណាដែរទេ។ យ៉ាងណាក្ដីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុមិនបានបញ្ជាក់នោះទេថា តើអាជ្ញាធរនឹងស្រាវជ្រាវរកអ្នកដំណើរទាំងនោះតាមមធ្យោបាយណាមួយ ព្រោះអ្វីដែលផលលំបាកអ្នកដំណើរខ្លះធ្វើដំណើរជាក្រុម ខ្លះជាលក្ខណៈឯកជនបានដើរបែកខ្ញែកគ្នាអស់ទៅហើយ ។
ករណីវីរុសកូរ៉ូណារកឃើញដំបូងនៅប្រទេសកម្ពុជា គឺកើតឡើងទៅលើបុរសជនជាតិចិន មានឈ្មោះ ចា ជិនហួរ អាយុ ៦០ ឆ្នាំមកពគីទីក្រុងវ៉ូហាន ប្រទេសចិន ជាមួយក្រុមគ្រួសារ ៤ នាក់ ក្នុងនោះមានតែលោក ចា ជិនហួរ ម្នាក់ប៉ុណ្ណោះដែលរកឃើញភាពវិជ្ជមានផ្ទុកវីរុសកូរ៉ូណា ។ គ្រួសារមួយនេះ បានចាកចេញពីក្រុងវ៉ូហាន ឆ្ពោះមកប្រទេសកម្ពុជានៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី ២៥ មករា ដោយមានអាការៈគ្រុនក្ដៅ និងហៀរសំបោរ ។
តាមក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្ននេះបុរសជនជាតិចិនបាននឹងកំពុងឱ្យសម្រាកនៅក្នុងបន្ទប់ដាច់ដោយឡែកនៅមន្ទីរពេទ្យខេត្ត ព្រះសីហនុ ហើយក្រុមគ្រូពេទ្យកំពុងតាមដានក្រុមគ្រួសារអ្នកជំងឺ និងស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកជំងឺ ។ បន្ថែមលើពីនេះក្រសួងសុខាភិបាលបានបញ្ជាក់ថា លុះត្រាតែព្យាបាលអ្នកជំងឺរូបនេះជាសះស្បើយ ទើបបញ្ជូនទៅប្រទេសចិនវិញ ៕