ចៅហ្វាយស្រុកវ័យក្មេងរូបសង្ហា ពេញដោយសមត្ថភាព មានប្រវត្តិសិក្សា និងការងារមិនធម្មតាឡើយ
លោក ឃឹម ហ្វីណង់ ជាអភិបាលស្រុកវ័យក្មេងមួយរូបនៅក្នុងប្រទេសកម្ពុជា ។ លោកជាកូនប្រុសបង្កើតរបស់លោក ឃឹម ប៊ុនសុង ដែលជាអតីតអភិបាលខេត្តសៀមរាប ។ យុវជនរូបនេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ប្រកាសតែងតាំងលោកជាជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
បន្ទាប់ពីចូលកាន់តំណែង យុវជនរូបសង្ហានេះ បានក្លាយជាអភិបាលស្រុកមួយរូបដែលមានវ័យក្មេងបំផុតដែលពោរពេញទៅដោយសមត្ថភាព និងគំនិតអភិវឌ្ឍន៍ថ្មី (Innovation) គួរឱ្យសើសើរ ។ បច្ចុប្បន្នលោក ឃឹម ហ្វីណង់ កំពុងទទួលបានការរស្រឡាញ់ពេញចិត្តជាខ្លាំងពីសំណាក់ប្រជាជនស្រុកបន្ទាយស្រីដែលរស់នៅក្រោមការមើលថែ និងការដឹកនាំរបស់លោក ។
តើយុវជនរូបនេះមានប្រវត្តិការងារ ការសិក្សាបែបណាខ្លះ មុននឹងលោកបានកាន់តំណែងសំខាន់ទាំងវ័យក្មេងក្នុងជួររដ្ឋាភិបាលបែបនេះ?
លោក ឃឹម ហ្វីណង់ បច្ចុប្បន្នមានវ័យ ៣៧ឆ្នាំ រៀបការហើយ និងបុត្រ ២នាក់ ។ ទីកន្លែងកំណើតភូមិបន្ទាយចាស់ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ។ ដោយសារមានឈាមជ័រឪពុកជាថ្នាក់ដឹកនាំមួយរូបទើបបណ្ដាលចិត្តឱ្យយុវជនរូបនេះស្រវាប្រទាញការសិក្សា ជាយុវជនដ៏ល្អមួយរូបសម្រាប់សង្គមជាតិ ។
ប្រវត្តិការសិក្សា៖
បើនិយាយពីការសិក្សាវិញលោកទទួលបានភាពជោគជ័យយ៉ាងត្រចៈត្រចង់ជាបន្តបន្ទាប់ដូចតទៅ៖
ឆ្នាំ ២០០៤៖ បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទទួលបាននិទ្ទេសល្អក្នុងនាមជានិស្សិតដ៏ឆ្នើមមួយរូប ។ ឆ្នាំ ២០០៤ ដដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបាននិទ្ទេសឆ្នើមដូចគ្នា ។
ឆ្នាំ ២០០៩៖ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនាសាលកវិទ្យាល័យ HULT ដ៏ល្បីរបស់សហរដ្ឋអាមេរិក លំដាប់និទ្ទេសឆ្នើម
ឆ្នាំ ២០១៥៖ និស្សិតដ៏ឆ្នើមរូបនេះបានបោះជំហានទៅសិក្សានៅសាលាភូមិន្ទរដ្ឋបាល ជាកន្លែងបណ្ដុះបណ្ដាលមន្ត្រីរាជការដ៏ល្បីល្បាញបំផុតប្រចាំប្រទេសកម្ពុជា ។ ក្នុងនោះលោកបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យ វិញ្ញាបនបត្រវិក្រឹតការមន្ត្រីជាន់ខ្ពស់ក្នុងនាមជានិស្សិតដែលទទួលបាននិទ្ទេសឆ្នើម ។
ប្រវត្តិការងារ៖
មុនឈានចូលកាន់តំណែងជាអភិបាលស្រុក លោក ឃឹម ហ្វីណង់ ធ្លាប់មានបទពិសោធន៍ការងារយ៉ាងក្រាស់ក្រែលទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ។ បើនិយាយពីមុខតំណែងក្នុងវិស័យឯកជនលោកធ្លាប់កាន់ការងារតំណែងធំៗជាច្រើន ។ លោកធ្លាប់ធ្វើការក្នុងក្រុមហ៊ុនថ្នាំជក់ដ៏ធំមួយរបស់សហរដ្ឋអាមេរិក, ជាអ្នកគ្រប់គ្រងនៅក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ និងតួនាទីចុងក្រោយជាអគ្គនាយកក្រុមហ៊ុនឯកជនមួយ ។ ចំណែកឯការងារសង្គមវិញលោកជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប ។
ចំណែកមុខតំណែងក្នុងវិស័យសាធារណៈវិញ ថ្នាក់ដឹកនាំដ៏វ័យឆ្លាតរូបនេះ ធ្លាប់មានបទពិសោធន៍ជាច្រើនដូចជា៖
ឆ្នាំ ២០១៤៖ នាយទាហានថ្នាក់វីរសេនីយ៍ទោនៃកងយុទ្ធពលខេមរភូមិន្ទ
ឆ្នាំ ២០១៤-២០១៩៖ នាយករងរដ្ឋបាលនៃសាលាខេត្តសៀមរាប
ឆ្នាំ ២០១៩ មកដល់បច្ចុប្បន្ន៖ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប
ការឈានជើងចូលកាន់តំណែងជាអភិបាលស្រុកបន្ទាយស្រី
ចូលកាន់តួនាទីមិនបានប៉ុន្មានខែផង លោក ឃឹម ហ្វីណង់ បានទទួលក្ដីស្រឡាញ់យ៉ាងច្រើនលើសលប់ពីប្រជាជន ។ ដូចធ្លាប់បានដឹងស្រុកបន្ទាយស្រី តែងតែមានបញ្ហាទំនាស់ដីធ្លីកើតឡើងមិនចេះចប់ និងជាទុក្ខកង្វល់ដ៏ធំមួយរបស់ប្រជាជន ។ លោកបានយកយន្តការច្បាប់ទៅដោះស្រាយបញ្ហាទាំងនោះប្រកបដោយប្រសិទ្ធភាព និងធានា ការពារឱ្យបាននូវផលប្រយោជន៍ប្រជាជន ។ លោកថែមទាំងធ្លាប់អះអាងថា ប្រសិនបើលោកការពារផលប្រយោជន៍ប្រជាជនមិនបាន លោកនឹងមិនបន្តតំណែងជាអភិបាលស្រុកមួយនេះទៀតឡើយ ។
ថ្មីៗនេះលោកបានភ្ជាប់បណ្ដាញអគ្គិសនីទៅកាន់ភូមិជាច្រើននៅក្នុងស្រុកបន្ទាយស្រី ឱ្យមានអគ្គិសនីប្រើប្រាស់ និងទទួលបានការសាទរជាខ្លាំង រហូតមានពលរដ្ឋលើកឡើងថា ក្ដីរំពឹងដែលពួកគេរង់ចាំអភិបាលស្រុកថ្មីមកដឹកនាំ ពិតជាមិនខកបំណងមែន។ កាន់តែពិសេសជាងនេះទៀតកាលពីថ្ងៃទី ១៩ មករា ២០២០ លោកបានអនុវត្តយុទ្ធនាការ «ផ្ទះ១ អំពូល១» នៅភូមិព្រះដាក់ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន ហើយយុទ្ធនាការនេះនឹងត្រូវបានអនុវត្តគ្រប់ភូមិទូទាំងស្រុកបន្ទាយស្រី ។
គោលដៅសំខាន់ៗដែលលោកចង់ធ្វើឱ្យបានក្នុងនាមជាអភិបាលស្រុកបន្ទាយស្រី
ថ្លែងមកកាន់ «ប្រជាប្រិយ» អភិបាលស្រុករូបសង្ហាពេញដោយចំណេះបានប្រាប់ថាគោលដៅធំៗ ៣ យ៉ាងលោកនឹងសម្រេចឱ្យបានមានដូចតទៅនេះ៖
១. ការអនុវត្តច្បាប់ការពារឱ្យបាននូវផលប្រយោជន៍ប្រជាជន
«ខ្ញុំចង់ឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានបញ្ចប់ក្នុងពេលដែលខ្ញុំធ្វើជាអភិបាលស្រុក» នេះជាសម្ដីដែលលោកបានលើកឡើងប្រកបដោយទំនុកចិត្ត ។ លោកបន្តថា បច្ចុប្បន្ននេះបានដោះស្រាយជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែក៏នៅតែមានទំនាស់មួយចំនួនទៀតពាក់ព័ន្ធនឹងការកាន់កាប់ដោយខុសច្បាប់ និងបញ្ហាមួយចំនួនទៀត ។ យ៉ាងណាលោកធានាថាបញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយប្រកបដោយសន្តិវិធី ។
២. កំណែទម្រង់រដ្ឋបាល
អ្វីដែលលោកចង់បានបំផុត គឺធ្វើយ៉ាងណាផ្ដល់សេវាសាធារណៈទៅកាន់ប្រជាជនឱ្យបានលឿន រហ័ស មានទម្លាភាព ប្រសិទ្ធភាព និងភាពស្អាតស្អំ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។ ២ ខែបន្ទាប់ទៀត ការិយាល័យច្រកចេញចូលតែមួយ នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីផ្ដល់ជូននូវសេវាសាធារណៈដែលលឿន រហ័ស ទាន់ចិត្ត ។ នេះបើតាមការអះអាងពីលោក ឃឹម ហ្វីណង់ ។
៣. ការអភិវឌ្ឍក្នុងស្រុកបន្ទាយស្រី
លោកអនុបណ្ឌិតមកពីសហរដ្ឋអាមេរិក បានលើកឡើងនូវគម្រោងជាច្រើនដែលនឹងត្រូវយកមកអភិវឌ្ឍន៍ក្នុងស្រុកបន្ទាយស្រី ។ ក្នុងនោះគោលដៅសំខាន់ គឺធ្វើយ៉ាងណាបង្កើតឱកាសការងារជូនប្រជាជន បង្កើនប្រាក់ចំណូល កែប្រែជីវភាពឱ្យមានលក្ខណៈល្អប្រសើរឡើង ។ លោក ឃឹម ហ្វីណង់ សំឡឹងឃើញថា ស្រុកបន្ទាយស្រីមានសក្ដានុពលជាច្រើន ជាពិសេសវិស័យទេសចរ ដែលសុទ្ធសឹងតែអាចយកអភិវឌ្ឍបានក្នុងនោះបន្ទាយស្រីល្បីខាងនំបញ្ចុក ស្ករត្នោតខ្មែរ បឹងធម្មជាតិ ប្រាងប្រាសាទបុរាណ និងតំបន់ធម្មជាតិផ្សេងទៀត ដែលអាចធ្វើឱ្យប្រជាជនក្នុងស្រុកអាចទាញចំណូលបាន ។
ដោយសារតែជាថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានក្រមសីលធម៌ដ៏ល្អប្រពៃបែបនេះហើយទើបធ្វើឱ្យលោក ឃឹម ហ្វីណង់ ក្លាយជាថ្នាក់ដឹកនាំដ៏គំរូមួយរូប ទទួលក្ដីស្រឡាញ់ ការគាំទ្រពីប្រជាជន ៕