សិស្សវិទ្យាល័យក្រូចឆ្មារ ៩ នាក់ទៀតហើយ ដួលសន្លប់នៅព្រឹកម៉ិញនេះ
សិស្សវិទ្យាល័យក្រូចឆ្មារចំនួន ៩ នាក់ទៀត បានជួបបញ្ហាសុខភាព និង ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយសារបញ្ហាសុខភាព និងសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី ២០ ខែមករា នេះ ។
នាយិកានៃវិទ្យាល័យក្រូចឆ្មារ លោកស្រី ប្រាក់ សុភាព បានប្រាប់អ្នកសារព័ត៌មានថា ក្នុងចំណោមសិស្សទាំង៩នាក់នេះ មានសិស្ស ៧ នាក់ ជួបបញ្ហាសុខភាពចុះខ្សោយ ថប់ដង្ហើម និងទន់ដៃ ទន់ជើង ។ ចំណែកសិស្ស ២ នាក់ទៀត សន្លប់ ។
បើតាមក្រុមគ្រូពេទ្យបានបញ្ជាក់ថា សិស្សទាំងនេះ មានអាការៈដូចគ្នានឹងសិស្ស ៤០ នាក់ ដែលបានសន្លប់កាលពីថ្ងៃទី ១៨ ខែមករាកន្លងទៅ គឺខ្វះជាតិស្ករ សុខភាពចុះខ្សោយ និង ភិតភ័យនៅពេលឃើញស្ថានភាពសន្លប់បន្តបន្ទាប់គ្នា ។
គួររំលឹកផងដែរថា សិស្សវិទ្យាល័យក្រូចឆ្មារ ៤០ នាក់ និង សិស្សអនុវិទ្យាល័យហ៊ុនសែនក្រូចឆ្មារ ១ នាក់ ដែលស្ថិតនៅ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានសន្លប់ជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃទី ១៧ ដល់ថ្ងៃ ១៨ មករា ឆ្នាំ២០២០ ។ រហូតមកដល់ពេលនេះ គេនៅពុំទាន់ដឹងពីមូលហេតុ ដែលនាំឱ្យសិស្សទាំងនោះដួលសន្លប់ នៅឡើយទេ ហើយក្រុមគ្រូពេទ្យជំនាញកំពុងធ្វើការស្រាវជ្រាវមូលហេតុពិតប្រាកដ ៕