ទម្លាយមុខនាយអាវុធហត្ថខេត្តបន្ទាយមានជ័យ ២ រូប ដែលធ្វើទារុណកម្មអ្នកជាប់ឃុំរហូតដល់ស្លាប់
នាយអាវុធហត្ថ ខេត្តបន្ទាយមានជ័យចំនួន ២ នាក់ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ សម្រេចចេញដីកា ឃុំខ្លួនហើយកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២០ ដោយចោទប្រកាន់ពីបទ ហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការស្លាប់របស់ជនរងគ្រោះ។
លោកវរៈសេនីយ៍ឯក ស ប៊ុនសឿន
តាមរយៈសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃការធ្វើអធិការកិច្ចរបស់គណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលេីផ្ទៃប្រទេសនោះ សមត្ថកិច្ចកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានរកឃេីញថា លោកវរៈសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និង លោកអនុសេនីយ៍ ទោ ឆយ រដ្ឋនា ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពិតជាបានប្រេីអំពើហឹង្សាលេីឈ្មោះ ទុយ ស្រស់ ពិតប្រាកដមែន។
លោកអនុសេនីយ៍ ទោ ឆយ រដ្ឋនា
ក្រោយពីសមត្ថកិច្ចកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានកសាងសំណុំរឿងបញ្ជូនខ្លួននាយអាវុធហត្ថខេត្តបន្ទាយមានជ័យ ទាំងពីររូបនេះទៅកាន់តុលាការដេីម្បីចាត់ការតាមផ្លូវច្បាប់តុលាការក៏បានសម្រេច ចេញដីកាឃុំខ្លួន។
គួរបញ្ជាក់ផងដែរថា គ្រួសារសព ទុយ ស្រស់ បានប្ដឹងទៅស្ថាប័នពាក់ព័ន្ធថា ប្ដីរបស់ខ្លួន ឈ្មោះ ទុយ ស្រស់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួនក្នុងបញ្ហាទំនាស់ដីធ្លីមួយ និង បានរងនូវការវាយធ្វេីទារុណកម្មរហូតដល់ស្លាប់។
បន្ទាប់ពីមានករណីនេះ កេីតឡេីង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជា ឱ្យឯកឧត្តម កែវ រ៉េមី និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ចុះធ្វើការស្រាវជ្រាវករណីនេះបន្ទាន់ ទើបឈានទៅចាប់ជនសង្ស័យទាំង ២នាក់នេះ៕