ត្រីប៉ាវ៉ាមុខពីរ ស្ថិតក្នុងបញ្ជីក្រហមជិតផុតពូជលើលោក តែមាននៅកម្ពុជាច្រើន
កាលពីពេលថ្មីៗនេះ អង្គការ Wonders of the Mekong ចេញផ្សាយត្រីមួយប្រភេទ ដែលជិតផុតពូជនៅលើភពផែនដីទៅហើយ គឺ ត្រីប៉ាវ៉ាមុខពីរ ។ ត្រីប៉ាវ៉ាមុខពីរនេះ មានក្បាលចម្លែក ដែលមានឈ្មោះតាមបែបវិទ្យាស្ត្រថា (Incisilabeo behri) វាធ្វើដំណើរចេញពីទន្លេសេសាន សេកុង និង ទន្លេស្រែពក តាំងពីនៅតូចៗ ចូលទៅក្នុងទន្លេមេគង្គ ។
ត្រីប៉ាវ៉ាមុខពីរ ពួកវាប្រហែលជាចុះទៅក្រោមទៅព្រំប្រទល់ ខេត្តក្រចេះ និង ស្ទឹងត្រែង ឬ ក៏អាចហែលទៅលើដល់ប៉ែកខាងត្បូងនៃប្រទេសឡាវ និង ភាគឥសាន្តនៃប្រទេសថៃ ដើម្បីរកចំណី (ស្លែនៅតាមដុំថ្ម)។ ត្រីប៉ាវ៉ាមុខពីរនេះ ពង-កូននៅចំកណ្តាលទន្លេសេកុងក្នុង នាខែកក្កដា និង ខែសីហា ។ វាអាចមានទំហំធំបំផុតដល់ទៅ ៦០ សង់ទីម៉ែត្រ ។
បុគ្គលិកគម្រោងរបស់ Wonders of the Mekong បានជួបប្រទះត្រីសម្បុរស្អាតនេះ នៅផ្សារត្រីខេត្តស្ទឹងត្រែង ។ នៅក្នុងខេត្តអាតាពឺ និង ខេត្តសេកុង ប៉ែកខាងត្បូងនៃប្រទេសឡាវ អ្នកភូមិបានបង្កើតតំបន់ការពារដើម្បីអភិរក្សត្រីប្រភេទនេះក្នុងរដូវប្រាំង ហើយក៏មានគម្រោងនឹងបិទការនេសាទក្នុងរដូវត្រីពងផងដែរ ។
ត្រីប៉ាវ៉ាមុខពីរ បានចាត់ចូលក្នុងបញ្ជីក្រហមរបស់ IUCN កាលពី ឆ្នាំ ២០១១ ថា ជាប្រភេទត្រី “រងគ្រោះ”។ ហើយការប្រឈមដ៏ចម្បងរបស់វាគឺការប្រើប្រាស់មងសម្រាប់ចាប់ពួកវា ក្នុងរដូវត្រីពង និង ពេលវាផ្លាស់ទីដើម្បីរកចំណី។ កំណើនក្នុងការប្រើប្រាស់ឧបករណ៍ឆក់ និង សំណើរក្នុងការសាងសង់ទំនប់វារិអគ្គិសនីនៅតាមដងទន្លេមេគង្គ អាចជះឥទ្ធិពលអវិជ្ជមានដល់ត្រីប្រភេទនេះ នៅកំឡុងពេលវាធ្វើចរាចរ ។ គេត្រូវការផែនការក្នុងការស្រាវជ្រាវ និង អភិរក្សគឺត្រូវការជាចាំបាច់ដើម្បីស្វែងយល់ និង ការពារប្រភេទត្រីដ៏អស្ចារ្យមួយប្រភេទនេះ នៅក្នុងទន្លេមេគង្គមួយនេះ ៕
(ប្រភពៈ Wonders of the Mekong )