នារីទេសចរបរទេសម្នាក់លាន់មាត់ថា “ប្រជាជនខ្មែរអស្ចារ្យ” ក្រោយជួបហេតុការណ៍មួយនៅភ្នំពេញ
យោងតាមគណនីហ្វេសប៊ុករបស់ភ្ញៀវទេសចរបរទេសជាស្រ្តីមួយរូបឈ្មោះ Csilla Péter ដែលមកលេងខ្មែរបានរៀបរាប់រឿងដែលខ្លួនជួបប្រទះនៅក្នុងភ្នំពេញជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា៖
“ទើបតែត្រលប់មកពីប៉ុស្តិ៍ប៉ូលីសនៅប្រទេសកម្ពុជា ។ ថ្ងៃនេះជាថ្ងៃផ្សងព្រេងម្តងទៀតហើយ ។”
កញ្ញាបានរៀបរាប់យ៉ាងលម្អិតទៀតថា៖ “មានបុរសម្នាក់ចង់លួចទូរស័ព្ទខ្ញុំ បន្ទាប់ពីដើរតាមពួកយើងអស់រយៈពេលប្រមាណជា២០នាទីនៅតាមផ្លូវ ។ នៅពេលដែលគាត់ឆក់ទូរស័ព្ទខ្ញុំ ខ្ញុំបានស្រែកយ៉ាងខ្លាំង ហើយរត់តាមគាត់ ។ ជាសំណាងរបស់ខ្ញុំ អ្នកបើកតុកតុក និង ម៉ូតូឌុបទាំងអស់បានតាមគាត់ភ្លាមៗ ដោយមិនចាំបាច់សុំឱ្យជួយ ។ នៅពេលដែលខ្ញុំទៅដល់ផ្លូវកាត់បន្ទាប់ ប្រជាជនបានយកទូរស័ព្ទបានមកឱ្យខ្ញុំទៅហើយ” ។
កញ្ញាបានបន្ថែមទៀតថា៖ “រឿងទាំងអស់នេះកើតឡើងនៅជិតប៉ុស្តិ៍ប៉ូលីស ដូច្នេះធ្វើឱ្យខ្ញុំងាយស្រួលប្តឹងពីករណីឆក់មួយនេះ ។ ប្រជាជននៅតាមផ្លូវបានអូសចោរនោះទៅកាន់ប៉ូស្តិ៍ប៉ូលីស ។ ពួកគេនិយាយថា ចោរនោះសំណាងណាស់ដែលនៅក្បែរប៉ុស្តិ៍ប៉ូលីស បើមិនដូច្នោះទេការដាក់ទោសពីប្រជាជនប្រហែលជាខ្លាំងជាងតុលាការ” ។
កញ្ញាបានបញ្ជប់ដោយឃ្លាថា៖ “នេះជារូបថតបន្ទាប់បីដាក់ពាក្យបណ្តឹង ។ ខ្ញុំបានទូរស័ព្ទខ្ញុំមកវិញហើយ ។ អរគុណខ្លាំងណាស់សម្រាប់ការជួយ ។ ប្រជាជនកម្ពុជាអស្ចារ្យណាស់” ៕