ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាឱ្យបង្ក្រាបបនល្បែងជល់មាន់ខុសច្បាប់ទាំងអស់នៅខេត្តកំពង់ចាម
បច្ចុប្បន្ននេះ ល្បែងជល់មាន់គឺមានស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា បើទោះបីជាច្បាប់មិនអនុញ្ញាតឱ្យមានលេងល្បែងជល់មាន់ ហើយសមត្ថកិច្ចបានធ្វើការរិតបន្តឹង និង បង្ក្រាបសង្វៀនជល់មាន់បានជាបន្តបន្ទាប់យ៉ាងណាក្តី ក៏អ្នកញៀនល្បែងជល់មាន់ទាំងនោះ នៅតែនាំគ្នាលួចលាក់ជល់មាន់ ហើយភ្នាល់គ្នាចាក់លុយ រាប់រយ រាប់ពាន់ដុល្លារ និង នៅកន្លែងខ្លះទៀតភ្នាល់គ្នាចាក់លុយរហូតដល់ទៅរាប់ម៉ឺនដុល្លារក៏មានដែរ ។ កន្លែងណាក៏ដោយ ឱ្យតែមានបនល្បែងស៊ីសងច្រើនគឺភូមិឃុំ នៅកន្លែងនោះ មិនមានសុខសុវត្ថិភាពឡើយ ។
ដើម្បី ភូមិ ឃុំមានសុខសុវត្ថិភាពនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់បទបញ្ជាឱ្យអាជ្ញាធរ និង កម្លាំងមានសមត្ថកិច្ចទាំងអស់ធ្វើការបង្ក្រាបនូវរាល់ល្បែងស៊ីសង ដែលខុសច្បាប់ ជាពិសេសល្បែងជល់មាន់នេះតែម្តង ត្រូវតែបង្ក្រាបឱ្យអស់ ។
ក្រោយពីទទួលបានបទបញ្ជាពីអភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្តនោះមក អាជ្ញាធរស្រុកស្រុកព្រៃឈរ បានចុះធ្វើការបង្ក្រាបបទល្មើសល្បែងស៊ីសងជល់សត្វមាន់(ភ្នាល់ដាក់លុយ)។ ហើយសង្វៀនជល់មាន់ដែលសមត្ថកិច្ចធ្វើការបង្ក្រាបនោះ គឺស្ថិតនៅចំណុចព្រៃ ដីទីទួលកប់ខ្មោច ចុងខាងត្បូងភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ដែលមានចម្ងាយប្រហែលពី ៣គីឡូម៉ែត្រពីភូមិ ៕