ក្រុមគ្រួសារក្មេងស្រីទាត់ធាក់ លើក្មេងស្រីសាលាដេីមថ្កូវ ផ្ដល់សំណង ២០០០ ដុល្លារបញ្ចប់រឿង
ក្រោយពីមានការភ្ញាក់ផ្អើល ដោយសារតែក្មេងស្រី ៤ នាក់បានវាយធ្វើបាប ក្មេងស្រីម្នាក់ទៀតផ្អើលពេញបណ្តាញសង្គមរួចមក នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០នេះ ក្រុមគ្រួសារយុវតីទាំង៤នាក់នោះ បានរៃអង្គាសលុយគ្នា ដើម្បីបង់ថ្លៃជំងឺចិត្តឱ្យក្មេងរងគ្រោះចំនួន ២ ០០០ដុល្លារ ដើម្បីបញ្ចប់រឿង ។
នេះបើតាមការបង្ហើបឱ្យដឹងពីគណនីហ្វេសប៊ុកមួយឈ្មោះ Satawath FC 20Satawath FC 20 បានធ្វើការសម្ភាសន៍ផ្ទាល់ ជាមួយក្រុមគ្រួសារ ក្មេងស្រីរងគ្រោះម្នាក់ ដែលជាសិស្សរៀននៅ វិទ្យាល័យផ្សារដើមថ្កូវ នារសៀលថ្ងៃទី ១៧ ខែមករានេះ ។ នៅក្នុងកិច្ចសម្ភាសន៍នោះ បានឱ្យដឹងថា អាណាព្យាបាលភាគីក្រុមយុវតីជនដៃដល់ជាសិស្សសាលាទាំង៤នាក់ បានសម្របសម្រួលសងសំណងចំនួន ២ ០០០ដុល្លារដើម្បីបញ្ជប់រឿង ។
សូមបញ្ជាក់ផងដែរថា ករណីហិង្សានេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩ នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ មកម្ល៉េះ ទើបតែបែកធ្លាយនៅពេលថ្មីៗនេះប៉ុណ្ណោះ ។ ជនរងគ្រោះរៀនថ្នាក់ទី៨ អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ។ ចំណែកក្រុមជនបង្កមានគ្នា៤នាក់ រៀនថ្នាក់ទី ៩ ម្នាក់ ដោយហៅបក្ខពួកពីខាងក្រៅ នៅវិទ្យាល័យផ្សេងចំនួន ៣ទៀត មកវាយលើជនរងគ្រោះ ៕