
ស្ពានថ្មថ្មី នៅជាប់ស្ពានបុរាណខេត្តបាត់ដំបង គ្រោងចំណាយថវិការសាងសង់ជិត ១លានដុល្លារ
កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២០ កន្លងទៅរដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មថ្មី ឆ្លងស្ទឹងសង្កែ ខេត្តបាត់ដំបង ។
នៅក្នុងពិធីបើកសម្ភោធការដ្ឋានសាងសង់នោះ ក៏មានការអញ្ជើញចូលរួមជាអធិបតី ពីឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ជាសប្បុរសជន ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ។
យ៉ាងណាមិញ ស្ពានដែលមានប្រវែងបណ្តោយ ១០០ ម៉ែត្រ និង ទទឹង ៨ ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមស្ពានថ្មចាស់ និងសាងសង់ នៅប៉ែកខាងត្បូង (ប៉ែកខាងលើ) គម្លាត៦ម៉ែត្រ ពីស្ពានថ្មចាស់ ដែលមានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង គ្រោងនឹងចំណាយថវិការអស់ចំនួនប្រមាណជិត ១ លានដុល្លារសហរដ្ឋអាមេរិក។
គួរឱ្យដឹងដែរថា ស្ពានថ្មថ្មី និងស្ពានថ្មចាស់ ត្រូវចំណាយពេលរហូតដល់ជាង ៦ខែ ទើបអាចបញ្ចប់ការសាងសង់ និងជួសជុលកែលម្អ ព្រោះមិនអាចពន្យាពេលយូរបានឡើយ ដោយសារមូលហេតុទំនប់ទប់ទឹក “សាលាតាអន” ស្ថិតក្នុងស្រុកឯកភ្នំ សាងសង់ចប់រួចរាល់ ទឹកស្ទឹងសង្កែនឹងមានទឹកជ្រៅ ដូចនេះអាចជួបការលំបាកចំពោះការសាងសង់៕