ថ្ងៃទិវាគ្រូបង្រៀនថៃ គ្រូបង្រៀនតុបតែងខ្លួនជាខ្មោច បន្លាចក្មេងៗរត់ខ្មាញ់ជើង
មានរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃអបអរសាទរទិវាគ្រូបង្រៀនកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ កន្លងទៅនេះ នៅសាលារៀនមួយក្នុងខេត្តរ៉យអែត ប្រទេសថៃ បានក្លាយជារូបភាពគួរឱ្យចាប់អរម្មណ៍ និង អស់សំណើចបំផុត បន្ទាប់គ្រូបង្រៀនបានតុបតែងបន្លំខ្លួនជាមនុស្សឆ្កួត និង ខ្មោចលេងលងបន្លាចកូនសិស្ស ដើម្បីពញ្ញាក់អារម្មណ៍សិស្សឱ្យរួសរាន់ស្រូតទៅរៀន ។
ក្រោយឃើញកូនសិស្សទៅរៀនយឺតច្រើនពេក ដោយសារអ្នកខ្លះដើរបែបលម្ហែ អ្នកខ្លះមើលសត្វ មើលផ្កាតាមផ្លូវ ទើបគ្រូក៏នឹកឃើញវិធីតុបតែងខ្លួនជាមនុស្សឆ្កួត និង ជាខ្មោច ដេញបន្លាចកូនសិស្សៗពេញផ្លូវ ធ្វើឱ្យកូនសិស្សភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកូនសិស្សតូចៗទាំងនោះមិនបានចាំមុខគ្រូរបស់ខ្លួន ដោយមានកូនសិស្សខ្លះយំ តក់ស្លុតនឹងអ្វីដែលពួកគេបានឃើញ និង ខ្លះទៀតបានរត់ដាច់ជើងចោលមិនខ្វល់អ្វីទាំងអស់ ដោយសារភាពភ័យខ្លាច ។ កូនសិស្សខ្លះ គ្រវាត់គ្រវែងបាយទឹក នំចំណី ដែលវេចពីផ្ទះចោលគ្មានស្តាយ រត់យកតែប្រាសអាយុរៀងៗខ្លួន ។
ទោះបីជាយ៉ាងណា កូនសិស្សតូចៗទាំងអស់ក៏បានសម្រួលចិត្តលែងភ័យខ្លាចវិញបាន បន្ទាប់ពីបានដឹងការពិតថានោះគ្រាន់តែជាការចង់សាកល្បងចិត្តពីសំណាក់គ្រូរបស់ខ្លួនក្នុងថ្ងៃទិវាគ្រូបង្រៀន ៕