មិននឹកស្មានថា នៅកម្ពុជាបច្ចុប្បន្នមានគណនីប្រាក់បញ្ញើរច្រើនដល់ម្ល៉ឹងសោះ
ប្រព័ន្ធធនាគារបានធ្វើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រ និង ជំរុញ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គម ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញពីជំហរដ៏រឹងមាំនៃវិស័យធនាគារ នៅក្នុងប្រទេសកម្ពុជា ក្រោយពីការទទួលបានសន្តិភាពពេញលេញមក ។
ឯកឧត្តមទេសាភិបាលបានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅ ធនាគារជាតិកម្ពុជាក៏បានសម្ពោធជាផ្លូវការ នូវសារមន្ទីរសេដ្ឋកិច្ច និង រូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា សារមន្ទីរ ស.ស.រ ដែលបានបង្ហាញ ពីប្រវត្តិពាក់ព័ន្ធនឹងការវិវត្តសេដ្ឋកិច្ច សង្គម និង រូបិយវត្ថុម្ពុជា ចាប់តាំងពីសតវត្សរ៍ទី ១ មក ជាពិសេស ក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ។
ការលើកឡើងរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជានេះគឺ ធ្វើឡើងក្នុងឱកាសបើក សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និង ទិសដៅការងារ ឆ្នាំ២០២០ របស់ធនាគារជាតិ នៃកម្ពុជា កាលពីនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ ។
ប្រព័ន្ធធនាគារនៅកម្ពុជាបន្ដអភិវឌ្ឍន៍ប្រកបដោយភាពរឹងមាំ គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុមានសុខភាពល្អ ហើយហានិភ័យនានាត្រូវបានគ្រប់គ្រង ប្រកបដោយប្រសិទ្ធិភាពផងដែរ ។
ឯកឧត្តម ជា ចាន់តូ បានបន្ដទៀតថា ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច ប្រទេសនានាបានពឹងផ្អែក កាន់តែខ្លាំង លើការប្រើប្រាស់ និង វិនិយោគក្នុងស្រុក និង តំបន់ជាមួយនឹងការពង្រឹងស្ថិរភាព និង ភាពធន់នៃសេដ្ឋកិច្ច ដែលអាចប្រឈមនឹងការប៉ះទង្គិចពីខាងក្រៅ ដោយសារភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោក ។
លើសពីនេះ គេក៏សង្កេតឃើញថា ធនាគារកណ្តាលបានដើរតួនាទីដ៏សំខាន់ ក្នុងការគាំទ្រកំណើន និង ពង្រឹងស្ថិរភាពសេដ្ឋកិច្ច ដោយបានអនុវត្តគោលនយោបាយ រូបិយវត្ថុវិត្ថារកម្ម តាមរយៈការបន្ទាបអត្រា ការប្រាក់គោល ឬ ការចាក់បញ្ចូលទុនទៅក្នុងទីផ្សារ ក្នុងពេលដែលអតិផរណា ស្ថិតក្នុងកម្រិតទាប នៅឡើយ ។
យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា គណនីប្រាក់បញ្ញើរបស់គ្រឹះស្ថាន ធនាគារ និង មីក្រូហិរញ្ញវត្ថុបានកើនដល់ ៧.៥លានគណនី, ឥណទានផ្ដល់ដោយគ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុ ដល់ប្រជាជនប្រមាណជា ៣លានគណនី, ក្រុមហ៊ុនោភតិសន្យាហិរញ្ញវត្ថុបានផ្ដល់ ឥណទានដល់អតិថិជន១០២ពាន់នាក់, គ្រឹះស្ថានឥណទានជនបទ បានផ្ដល់ឥណទានដល់អតិថិជន ប្រមាណជា ១៩៤ពាន់នាក់ ។
សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អត្រាការប្រាក់បញ្ជើជារៀល និង ដុល្លារអាមេរិកមានកម្រិត ប្រហាក់ ប្រហែលនឹងឆ្នាំមុន ដោយមានកម្រិតប្រែប្រួលតិចក្នុងអត្រាជាមធ្យម៨% និង៧.៨%រៀងគ្នា ។ ទន្ទឹមនឹងនេះអត្រាការប្រាក់ឥណទានជារៀល និង ដុល្លារអាមេរិកមានការថយចុះមកត្រឹម១៥% និង ១៦% រៀងគ្នា ក្នុង ឆ្នាំ២០១៩ បន្ទាប់ពីការដាក់ចេញនូវប្រកាសស្ដីពីការកំណត់ពិដានអត្រាការប្រាក់ ឥណទាន១៨% ដែលគោលការណ៍នេះបានផ្ដល់ផលវិជ្ជមានច្រើន ដល់អតិថិជនមីក្រូហិរញ្ញវត្ថុ ៕