ជនជាតិបារាំងមួយរូប ចង់វិនិយោគវិស័យអាកាសចរណ៍ នៅខេត្តបាត់ដំបង
នៅក្នុងជំនួបមួយ ជាមួយ លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង កាលពី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ លោក អេម៉ានូអែល ដាយអាស់ (Emmanuel DIAS)ជាជនជាតិបារាំង អតីតអ្នកបើកយន្តហោះមួយរួប និង ជាអ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata (AAT) Cambodia Regional Airlines Company បានបង្ហាញគោលបំណងរបស់លោកមានបំណង វិនិយោគលើវិស័យអាកាសចរណ៍ដឹកអ្នកដំណើរ ដោយការហោះហើរក្នុងស្រុក និង យន្តហោះខ្នាតតូច នៅក្នុង ខេត្តបាត់ដំបង ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានស្វាគមន៍ និង គាំទ្រចំពោះគម្រោងចង់វិនិយោគ លើវិស័យនេះ ក៏ដូចជាធ្វើឱ្យព្រលានយន្តហោះ ខេត្តបាត់ដំបង មានដំណើរការឡើងវិញ ។ បើគម្រោងនេះ ទទួលបានជោគជ័យ គឺងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរ ដែលធ្វើដំណើរបានលឿន ទៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្តមួយចំនួនទៀត ។
លោក អេម៉ានូអែល ដាយអាស់ បានបន្តទៀតថា លោកចង់វិនិយោគលើវិស័យអាកាសចរណ៍ដើម្បីជំរុញកំណើនវិស័យទេសចរណ៍ក្នុងខេត្តនេះ ឱ្យមានការកើនឡើង ក៏ជាការជួយជំរុញឱ្យវិស័យទេសចរណ៍ ក៏ដូចជាអ្នកទេសចរ ទៅកាន់ខេត្តនេះ ឱ្យបានកាន់តែ ច្រើនឡើងៗថែមទៀត ៕