ទៅរៀនដល់ប្រទេសចិនហើយ សាលិ នៅតែរៀនពូកែ ជាប់លេខ១ ប្រចាំឆមាសទៀត
មកដល់ពេលនេះ កុមារ ធុច សាលិ ដែលចេះនិយាយភាសាបរទេសរហូតដល់ទៅ ១៥ភាសានោះ នៅតែធ្វើពិភពលោកមានការចាប់អារម្មណ៍លើរូបគេដដែល បើទោះបីជារូបគេបានទៅសិក្សារៀនសូត្រដល់ប្រទេសចិនយ៉ាងណាក៏ដោយ ប៉ុន្តែរូបគេ នៅតែខ្លាំង ដោយត្រូវបានគេចាត់ទុកថា ជាសិស្សពូកែប្រចាំសាលាទៀតផង ។
អ្វីដែលកាន់តែធ្វើឱ្យគេមានការភ្ញាក់ផ្អើលបន្ថែមទៀតនោះ គឺក្នុងចំណោមសិស្សចម្រុះជាតិសាសន៍ ដែលបានទៅរៀននៅប្រទេសចិនក្នុងថ្នាក់ជាមួយ សាលិ ដែរនោះ សាលិ នៅតែជាសិស្សឆ្នើម និង ពូកែ ដោយពិន្ទុប្រចាំខែ និង ប្រចាំ ឆមាស កន្លងមកនេះ ទទួលចំណាត់ថ្នាក់ លេខ១ ។ អ្នកណា ៗ ក៏សរសើរពីភាពវៃឆ្លាតរបស់ សាលិ ដែរ ជាកូនចៅ គ្រួសារក្រីក្រ នៅតំបន់ជនបទ ស្រុកស្រែចម្ការ ដាច់ស្រយាលសោះ គេនៅតែរៀនពូកែ ទោះបីជាទៅរៀននៅបរទេសជាមួយសិស្សចម្រុះជាតិសាសន៍ហើយក្តី គេនៅតែរៀនពូកែ បានពិន្ទុនាំមុខគេទៀត ។
ឥឡូវនេះ ដល់ពេលដែលប្អូនប្រុស ធុច សាលិ ត្រូវសម្រាកវិស្សមកាល ហើយបានមកលេងនៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ។ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្លាម កាលពីយប់ថ្ងៃសៅរ៍ទី ១១ ខែ មករា នេះ សាលិ ត្រូវបានចោមរោម ដោយអ្នកសារព័ត៌មាន ធ្វើការសម្ភាសចង់ដឹងពីប្រវត្តិនៃការសិក្សារបស់គេ នៅប្រទេសចិននោះ ៕