សូមចូលរួមរំលែកទុក្ខផង! ស្លាប់គ្មានរស់ម្នាក់ ក្នុងសោកនាដកម្មធ្លាក់យន្តហោះនៅអ៊ឺរ៉ង់ព្រឹកមិញ
មនុស្សទាំងអស់នៅលើយន្តហោះអ៊ុយក្រែន សរុបចំនួន ១៧៦នាក់ ដែលបានធ្លាក់ក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់នោះ បានស្លាប់បាត់បង់ជីវិតទាំងអស់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។
តាមការចុះផ្សាយ ទាំងអ្នកដំណើរ និងអ្នកបម្រើការងារ សរុបទាំងអស់ដែលជិះនៅលើយន្តហោះនេះ មានសរុប ចំនួន ១៧៦នាក់ ។ ជាប្រភេទយន្តហោះ Boeing 737-800 ជាជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ។
យន្តហោះនេះ បានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ អ៊ីម៉ាម ខូមៃនី (Imam Khomeini) នៅជាយរដ្ឋធានីតេហេរ៉ង់ កាលពីព្រឹកថ្ងៃទី ០៨ ខែមករា ២០២០នេះ ដោយសារការកំហុសបច្ចេកទេស នៅពេលយន្តហោះព្យាយាមហោះឡើង ។
យន្តហោះខាងលើ គ្រោងហោះចេញពីអាកាសយានដ្ឋានអ៊ីរ៉ង់ នៅវេលាម៉ោង ៥៖១៥នាទីព្រឹកព្រហាមថ្ងៃពុធនេះ (ម៉ោងនៅតេហេរ៉ង់) ប៉ុន្តែត្រូវបានពន្យារពេល ១ម៉ោងរហូតដល់ម៉ោង ៦៖១២នាទីទើបហោះចេញ ដោយមានគោលដៅ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិ បូរីស្ពីល (Boryspil) នៃរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន ៕