អបអរសាទរ! កម្ពុជាស្ថិតក្នុងចំណោមប្រទេសល្អបំផុតទាំង៤ នៅអាស៊ី សម្រាប់ការវិនិយោគនៅឆ្នាំ២០២០នេះ
គេហ៍ទំព័រ INVESTASIAN ដែលជាគេហ៍ទំព័រដ៏ល្បីឈ្មោះមួយ នៅតំបន់អាស៊ី បានដកស្រង់សំដីរបស់លោក វ៉រិន បាហ្វេត (Warren Buffet) ដែលជាអ្នកវិភាគសេដ្ឋកិច្ចពិភពលោកដ៏ល្បីល្បាញមួយរូប បាននិយាយថា មានប្រទេសចំនួន ៤ ដែលល្អបំផុត នៅអាស៊ីសម្រាប់ធ្វើការវិនិយោគ ក្នុងឆ្នាំ ២០២០ ។ ប្រទេសទាំងនោះ មាននិន្នាការប្រជាសាស្រ្តរឹងមាំ, មិនសូវជាប់ទាក់ទងខ្លាំងនឹងដំណើរការនៃទីផ្សារពិភពលោក និង មានកត្តាផ្ទៃក្នុងជំរុញកំណើនសេដ្ឋកិច្ចជាច្រើន និង គួរមានអនាគតភ្លឺស្វាងនៅថ្ងៃខាងមុខ ទោះបីមានបញ្ហាមានសដ្ឋកិច្ចអ្វីកើតឡើងនៅកន្លែងណាផ្សេងក៏ដោយ ។
ប្រទេសទាំង៤ នោះ រួមមាន៖ ទី១ ប្រទេសវៀតណាម ទោះបីសង្គ្រាមអាមេរិក និង ចិន កំពុងជាប់គាំងនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយមិនមានភាពប្រាកដប្រជាក្នុងការបញ្ចប់សង្រ្គាមនេះក៏ដោយ ។ ប៉ុន្តែប្រទេសវៀតណាមមិនមានការព្រួយបារម្មណ៍ឡើយ វៀតណាមជាមជ្ឈមណ្ឌលផលិតកម្ម ដែលស្ថិតនៅជាប់ព្រំដែនភាគខាងត្បូងរបស់ប្រទេសចិន ប្រាកដជានឹងទទួលផលប្រយោជន៍ជាមិនខាន ។ សាជីវកម្មពហុជាតិធំៗរួមទាំងក្រុមហ៊ុន សាមស៊ុង (Samsung) និងក្រុមហ៊ុនរាប់សិបទៀតកំពុងផ្លាស់ប្តូរទីតាំងពីប្រទេសចិនចូលទៅប្រទេសវៀតណាម ដែលត្រូវបានទាក់ទាញដោយតម្លៃផលិតទាប និង ការមិនជាប់ពន្ធ។ ទីតាំងយុទ្ធសាស្ត្ររបស់វៀតណាមដែលស្ថិតនៅជាប់នឹងប្រទេសចិន និង មានកំពង់ផែសមុទ្រជាច្រើន បានធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរទីតាំងខ្សែចង្វាក់ផ្គត់ផ្គង់ ដែលមានស្រាប់នៅទីនោះផងដែរ ។ ទន្ទឹមនឹងនេះ ជាមួយនឹងប្រជាជនជិត ១០០ លាននាក់ និង ការកើនឡើងយ៉ាងលឿននៃសេដ្ឋកិច្ច វណ្ណៈកណ្តាលរបស់ប្រទេសវៀតណាម កំពុងតែកើនឡើងយ៉ាងឆាប់រហ័សដូចប្រទេសចិន ។
ទី២ ប្រទេសហ្វីលីពីន មានភាពស្រដៀងគ្នាទៅនឹងប្រទេសវៀតណាម ជាងបណ្តាប្រទេសដទៃទៀតដែលមានក្នុងតំបន់។ ប្រទេសទាំងពីរជាប្រទេសធំ មានទីផ្សារដែលមានកំណើនខ្ពស់ ហើយមានប្រជាជនប្រហែល ៩០ លាននាក់ និង កំពុងមានការរីកលូតលាស់នៃប្រជាជនវណ្ណៈកណ្តាល ដូចគ្នា ប្រទេសនីមួយៗមានកំណើនសេដ្ឋកិច្ចខ្ពស់ជាង៥ភាគរយក្នុងមួយឆ្នាំ បានមួយរយៈពេលហើយ ។
ទី៣ ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេដាច់នៅអាស៊ីអាគ្នេយ៍ ដោយមានប្រជាជនចំនួន ២៦០ លាននាក់ និង មានការកើនឡើងយ៉ាងឆាប់រហ័ស ។ អ្នកមិនចាំបាច់មើលកន្លែងផ្សេងទៀតទេ ប្រសិនបើអ្នកចង់វិនិយោគនៅក្នុងទីផ្សារសម្រាប់អ្នកប្រើប្រាស់មួយដែលរឹងមាំ និង មួយចំណែកធំ ដែលមិនទាន់ត្រូវបានប្រើប្រាស់ ។ ប្រទេសនេះ ជាកន្លែងដែលអ្នកគួរតែវិនិយោគ ប្រសិនបើអ្នកស្ថិតនៅក្នុងវិស័យកម្មន្តសាល ឬ ផលិតផលប្រើប្រាស់ ។
ទី៤ ប្រទេសកម្ពុជា ជាប្រទេសកំពុងមានការអភិវឌ្ឍន៍ ហើយការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាតាំងពីទសវត្សរ៍ទី៨០ ពិតជាអស្ចារ្យណាស់ ។ បច្ចុប្បន្នកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅតំបន់អាស៊ី និង ស្ថិតនៅក្នុងចំណោមប្រទេសដែលមានភាពអំណោយផលដល់ធុរកិច្ចជាងគេនៅក្នុងសាកលលោក ។ កម្ពុជាមានការហាមឃាត់តិចតួចបំផុត ចំពោះអ្នកវិនិយោគបរទេស។ អ្នកវិនិយោគបរទេសអាចចាប់ផ្តើមធុរកិច្ច និងកាន់កាប់ភាគហ៊ុន១០០%។ ការទិញអចលនទ្រព្យនៅកម្ពុជាក៏ជាជម្រើសដ៏ល្អមួយដែរ ជាពិសសនៅរាជធានីភ្នំពេញ ដែលតម្លៃអចលនទ្រព្យ ស្ថិតក្នុងរង្វង់ប្រមាណជា ១ ០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
វាជាតម្លៃ ដែលគេមិនធ្លាប់លឺក្នុងចំណោមទីក្រុង រាដ្ឋធានី កុំថាឡើយនៅទីកន្លែង ដែលមានអត្រានគរូបនីយកម្មខ្ពស់ ដូចនៅប្រទេសកម្ពុជា ។ តាមការស្រាវជ្រាវបានរកឃើញថា មានទីក្រុង ដែលជារាជធានី ចំនួនតែ ៨ ប៉ុណ្ណោះ ដែលគេអាចទិញអចលនទ្រព្យក្រោមតម្លៃ ១.០០០ ដុល្លារអាមេរិក ក្នុង ម៉ែត្រការ៉េ ។
មួយវិញទៀត គេគួរកត់សម្គាល់ថា កម្ពុជាជាប្រទេស ដែលមានអត្រាប្រើប្រាស់ប្រាក់ដុល្លារខ្ពស់ ដោយប្រាក់ដុល្លារត្រូវបានប្រើប្រាស់ស្ទើរតែនៅគ្រប់ប្រតិបត្តិការធំៗ ទាំង នេះជាចំណុចវិជ្ជមាននៃការវិនិយោគនៅកម្ពុជា ៕
(ប្រភពៈ វិបសាយ INVESTASIAN)