មិននឹកស្មានថា នៅកម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទចល័ត និង បណ្តាញសង្គមច្រើនដល់ម្ល៉ឹងសោះ !
បច្ចុប្ប្ននេះ នៅក្នុងប្រទេសកម្ពុជាមានប្រជាពលរដ្ឋប្រើប្រាស់ទូរស័ព្ទចល័តរហូតដល់ទៅ ២២,០៧លានស៊ីមកាត ដែលមានចំនួនច្រើនស្មើនឹង១៣៥.៥០% នៃចំនួនប្រជាជនកម្ពុជាសរុប។ ខណៈ ដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានចំនួនតែជាង ១៥លាននាក់ប៉ុណ្ណោះ ។
លោក អ៉ឹម វុត្ថា សមាជិក និង ជាអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាបានមានប្រសាសន៍ថា ក្នុងចំណោមបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ទូរស័ព្ទចល័តជាង២២លានស៊ីមកាតនេះ មានអ្នកភ្ជាប់អ៊ីនធឺណិតចល័ត (Internet) ចំនួនរហូតដល់១៦.៧៥លានស៊ីមកាត ដែលស្មើនឹង១០២.៨៨% នៃចំនួនប្រជាជនកម្ពុជាសរុប ។ ហើយអ្នកបើក និង ប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសបុក មានចំនួនសរុបប្រមាណជា ៨.៨លានគណនី គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ ។
លោក អ៊ឹម វុត្ថា បញ្ជាក់ទៀតថា សម្រាប់អ្នកជួលជាវ និង ប្រើប្រាស់ទូរស័ព្ទអចល័តវិញ មានចំនួនសរុប៥៩,៤១៥ខ្សែត្រូវនឹង០.៣៦%នៃចំនួនប្រជាជនកម្ពុជាសរុប ខណៈដែលចំនួនអ្នកជួលជាវ និង តភ្ជាប់បណ្តាញអ៉ីនធឺណិតអចល័ត មានសរុបចំនួន ២១៥,១៦៥ខ្សែប៉ុណ្ណោះ។ ហើយការស្ថាបនាបណ្តាញខ្សែកាប្លិ៍អុបទិកនៅទូទាំងប្រទេស គិតមកដល់ឆ្នាំ២០១៩ មានប្រវែងសរុបប្រមាណជា៤២,៦៩៣គីឡូម៉ែត្រ ហើយសម្រាប់ការតភ្ជាប់បណ្តាញកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដោយផ្ទាល់ជាមួយសហគមកាប្លិ៍ក្រោមបាតសមុទ្រអន្តរជាតិចំនួន២ គឺ AAE-1 (Asia Africa and Europe-1) & MCT (Malaysia-Cambodia-Thailand) ៕
(ប្រភព ៖Fresh News )