អាចទេ រៀនស្រឡាញ់មនុស្សម្នាក់ ដោយមិនចាំបាច់ទាល់តែបានជាសង្សារ? ព្រោះ ៣យ៉ាងនេះ
ការពិតទៅស្នេហាដែលគ្មានការទាមទា ស្នេហាដែលគ្មានលក្ខខណ្ឌ វាមិនមែនបានន័យថា ជាការលះបង់របស់អ្នកនោះទេ វាគ្រាន់តែជាការដែលអ្នកបង្ហាញការស្រឡាញ់ពិតចេញពីចិត្តប៉ុណ្ណោះ ។
ទោះបីជាអ្នកជាកំពុងស្រឡាញ់គេតែម្ខាង ឬ រងចាំក្តីស្រឡាញ់ពីនរណាម្នាក់ ត្រូវចាំថា ខ្លាំងប៉ុណ្ណាដែលអ្នកទាមទារចង់បានពីស្នេហា ខ្លាំងប៉ុណ្ណោះដែលអ្នកនឹងឈឺចាប់ ព្រោះថាមនុស្សដែលអ្នកស្រឡាញ់អាចក្លាយជារបស់អ្នក ឬ មិនមែន ឬត្រឡប់មកជារបស់អ្នកវិញបាន ប៉ុន្តែគ្មាននរណាម្នាក់អាចយកក្តីស្រឡាញ់ដែលកប់ជ្រៅក្នុងក្រអៅបេះដូងអ្នកចេញពីអ្នកបានឡើយ ។
ជាមួយគ្នានោះដែរ ក៏មានសំនួរមួយលើកឡើងថា “ហេតុអ្វីចំបាច់ស្រឡាញ់មនុស្សម្នាក់ដោយមិនទាមទារចង់បានគេ” ? តើអាចធ្វើបែបនេះបានដោយរបៀបណា ?
១. ពេញចិត្តនូវអ្វីដែលអ្នកទទួលបាន
ធ្លាប់ទេញញឹមតែម្នាក់ឯងនៅពេលឃើញមនុស្សដែលយើងស្រឡាញ់ញញឹមមកកាន់យើង ? ធ្លាប់សប្បាយចិត្តព្រោះឃើញគេសប្បាយចិត្ត ឬ ធ្លាប់កើតទុក្ខពេលគេពិបាកចិត្តឬទេ ? ទោះបីជាមិនទទួលបានអ្វី តែគ្រាន់តែការមើលមុខគេ និយាយជាមួយគេបន្តិច ក៏អាចធ្វើឱ្យអ្នកសប្បាយចិត្តបានពេញមួយថ្ងៃ នេះហើយជាសេចក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌ ។ ត្រូវគិតថា គេមិនមែនសម្រាប់តែយើងម្នាក់ឯងនោះទេ តែយើងអាចសប្បាយចិត្តដោយគ្រាន់តែមានវត្តមានគេ ដូច្នេះត្រូវពេញចិត្តនឹងអ្វីដែលអ្នកកំពុងមាននេះ ។
២. ត្រូវចាំថាការស្រឡាញ់គឺជាអារម្មណ៍
មនុស្ស២នាក់អាចក្លាយជាសង្សារនឹងគ្នា តែមិនប្រាកដថាសេចក្តីស្រឡាញ់កើតមាននោះទេ ។ អ្នកមិនបានស្រឡាញ់នរណាម្នាក់ដោយសារតែគេតែងតែបារម្ភពីអ្នក ធ្វើល្អចំពោះអ្នក គ្រួសារអ្នកពេញចិត្តគេ ឬមនុស្សគ្រប់គ្នាគិតថាអ្នកសមគ្នានោះទេ តែការស្រឡាញ់ គឺអាស្រ័យទៅលើអារម្មណ៍ដែលរបស់អ្នកដែលបានប្រាប់អ្នក ។ ដូចគ្នានេះដែរ ទោះបីជាយ៉ាងណាក៏ដោយក៏អារម្មណ៍របស់អ្នកមិនអាចគាបសង្កត់អារម្មណ៍របស់នរណាម្នាក់ ឬផ្លាស់ប្តូរអារម្មណ៍របស់គេបានឡើយ ។
៣. ត្រូវទទួលស្គាល់ការបដិសេធ
អ្នកនឹងមានអារម្មណ៍ទទួលការបដិសធនៅពេលដែលអ្នកបានគិតថាអ្នកនឹងត្រូវបានគេ ទទួលស្គាល់ហើយយល់ព្រមក្លាយជាសង្សារអ្នក ។ ដូច្នេះប្រសិនបើអ្នកមិនបានប្រាថ្នានូវការយល់ព្រម នោះអ្នកក៏គ្មានអារម្មណ៍ពិបាកចិត្តដោយការបដិសេធរបស់គេដែរ ។ ជាមួយគ្នានោះអ្នកក៏មិនមានអារម្មណ៍ខកបំណងដោយសារគេ ហើយគេក៏នៅតែស្ថិតក្នុងអារម្មណ៍ ការចង់ចាំ និង កែវភ្នែករបស់អ្នក ឬក៏នៅតែអាចជាមិត្តភក្តិនឹងគ្នាក៏ថាបាន ។
គ្រាន់តែស្រឡាញ់នរណាម្នាក់ ព្រោះអ្នកពេញចិត្តនឹងស្រឡាញ់គេ វាមិនពិបាកនោះទេ មែនទេ?