រឿងរ៉ាវព្រឺឆ្អឹងខ្នងបែបនេះ ទើបពេលមានមនុស្សស្លាប់ គេដាក់សពបែរក្បាលទៅទិសខាងលិច
ក្នុងជំនឿអរូប្បិយខ្មែរ មិនថាតាំងពីបុរាណកាល ឬ មកដល់បច្ចុប្បន្នកាលឡើយ នៅពេលមានបុគ្គលស្លាប់គឺគេតែងតែរៀបចំដាក់សពបុគ្គលស្លាប់នោះឱ្យបែរក្បាលទៅទិសខាងលិចជាកំហិត ដែលទង្វើបែបនេះបានធ្វើឱ្យមហាជនមួយចំនួន ពិសេសក្មេងៗជាន់ក្រោយនៅតែមានមន្ទិល និង សៅហ្មងរហូតមកដល់សព្វថ្ងៃ ។ តើជំនឿដែលដាក់ឱ្យបុគ្គលស្លាប់បែរក្បាលទៅទិសខាងលិចនោះ មានជាប់ពាកព័ន្ធរឿងអ្វីខ្លះ ? ហើយតើវាមានអត្ថន័យយ៉ាងណា ដែលមានបង្កប់នៅក្នុងនោះ ?
ជាការពិតបើយើងសង្កេតឱ្យបានច្បាស់ និង មែនទែនទៅ រាល់ពេលដែលមានមនុស្សស្លាប់យើងតែងតែឃើញចាស់ទុំ ព្រឹទ្ធាចារ្យ អ្នកធម៌អ្នកអាថ៌ ឬ អាចារ្យអ្នកភ្លុក ជាដើម តែងបង្កាប់ឱ្យគេរៀបចំដាក់សពបែរក្បាលទៅទិសខាងលិចជានិច្ច ទាំងពេលទើបនឹងស្លាប់ ហៀបបូជា ឬ បញ្ចុះនោះ ដោយគេយោងលើហេតុមួយចំនួនថា ទិសនោះគឺជាទិសអពមង្គល ។
ទាក់ទងនឹងជំនឿ ក៏ដូចជាទំនៀមនេះ គឺមានរឿងព្រេងមួយបានដំណាលបញ្ជាក់ផងដែរ ដោយរឿងដំណាលនោះគេប្រកាន់តៗគ្នាមក តាំងពីកាលព្រះឥសូរកោរជុកឱ្យព្រះពិឃ្នេស ជាបុត្រ ដូចមានដំណាលក្នុងសាសនាព្រាហ៍ថា ៖
«ព្រះឥសូររៀបចំកោរជុកព្រះពិឃ្នេស តែភ្លេចអញ្ជើញព្រះអង្គារ ។ ព្រះអង្គារខ្ញាល់ក៏បណ្តាលឱ្យកាំបិតកោរ ទៅកាត់យកក្បាលព្រះពិឃ្នេសចោលទៅក្នុងមហាសមុទ្រ ។ ព្រះវិស្ណុក៏ប្រើព្រះវិស្សកម្មឱ្យចុះទៅរកក្បាលមនុស្ស ឬ តិរច្ឆានណា ដែលដេកដាក់ក្បាលទៅទិសខាងលិច ។ ព្រះពិស្ណុការ ទៅរកមើលឃើញតែដំរីពីរដេកបែរក្បាលទៅទិសខាងលិច ក៏កាត់យកក្បាលដំរីមួយទៅថ្វាយព្រះឥសូរ ព្រះឥសូរក៏តភ្ជាប់ឱ្យព្រះពិឃ្នេស ។ ទើបព្រះពិឃ្នេសមានក្បាលជាដំរី» ។
ព្រោះតែដំណាលនៃរឿងខាងលើនេះហើយ ទើបមនុស្សបុរាណប្រកាន់ជឿថា ទិសខាងលិចជាទិសអពមង្គល បើកាលណាមានមនុស្សស្លាប់ ទើបគេដាក់ឱ្យបែរក្បាលទៅទិសខាងលិច ហើយក៏ជាប់ទំនៀមនេះរហូតមកដល់សព្វថ្ងៃតែម្តងទៅ ។ រឿងដំណាលនេះដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ ភាគទី ៩ ទំព័រទី ៤៨ ៕